ភ្នំពេញ ៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក សមាជិកា ស.ស.យ.ក វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៣ មេសា ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធីបរិច្ចាគឈាមជាលើកទី៣ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» ក្នុងគោលបំណងដើម្បីជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមចាំបាច់។
ក្នុងកម្មវិធីបរិច្ចាគឈាមនាឱកាសនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការចូលរួមរបស់ថ្នាក់ដឹកនាំ និងយុវជនទាំងអស់ ឆ្លុះបញ្ចាំងពីការយល់ដឹងកាន់តែច្រើននូវអត្ថប្រយោជន៍ក្នុងការចូលរួមបរិច្ចាកឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាម ពិតប្រយោជន៍ច្រើនណាស់ក្នុងការជួយសង្គ្រោះដល់ជីវិតមនុស្សដែលមានតម្រូវចាំបាច់។ ជាមួយគ្នានេះដែរ ឯកឧត្តម បានលើកទឹកចិត្តដល់យុវជន បន្តចូលរួមបរិច្ចាកឈាមជាប្រចាំ បន្តឱ្យក្លាយជាទម្លាប់ ព្រោះថា ការចូលរួមបរិច្ចាកឈាមដោយការស្ម័គ្រចិត្ត និងដោយពេញចិត្ត គឺជាការរួមគ្នាធ្វើអំពើល្អ ដើម្បីចែករំលែកដល់សង្គមជាតិ ដែលនឹងជួយដល់មនុស្សនៅជុំវិញខ្លួនយើងបាន នៅពេលពួកគេមានតម្រូវការគ្រប់ពេលវេលា។
លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានស្នើ ស.ស.យ.ក វិស័យកសិកម្ម បន្តលើកទឹកចិត្តដល់យុវជនដែលបានចូលរួមបរិច្ចាកឈាម និងពិនិត្យលទ្ធភាពក្នុងការលើកទឹកចិត្ត ចំពោះសេចក្តីល្អនៃការចូលរួមរបស់យុវជនជាមួយសង្គមជាតិ៕
អត្ថបទ ៖ ឈិត បូរ៉ាវី








