ភ្នំពេញ ៖ វេទិកាការងារ និងកម្មសិក្សាការងារ សហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមេសា ខាងមុខនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន១៣ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៧៤៣កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។
ប្រភពទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅរសៀលថ្ងៃទី២៣ មេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារដោយផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំងនោះបានចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សម្រាប់ក្រុមហ៊ុន និងស្ថាប័នធំៗទាំង១៣ ដែលនឹងចូលរួមវេទិកាការងារថ្ងៃខាងមុខនេះ រួមមានក្នុងវិស័យ អចលនទ្រព្យ និងវិស័យធានារ៉ាប់រងជាដើម។
លោក រ៉េត សាគា ប្រធានផ្នែកជ្រើសរើសបុគ្គលិក និងផ្សព្វផ្សាយរបស់ធនាគារ AEON បានលើកឡើងថា NEA តែងតែផ្តល់ឱកាសដល់ធនាគារ AEON ចូលរួមក្នុងវេទិកាផ្សេងៗដែល NEA រៀបចំមិនថាជាវេទិកាការងារ ពិព័ណ៌ការងារ ឬកិច្ចសម្ភាសការងារជាដើម។ ព្រឹត្តិការណ៍ដែល NEA រៀបចំឡើងគឺពិតជាបានរួមចំណែកធំធេងណាស់ក្នុងការជួយដល់និយោជកក្នុងការជ្រើសរើសបុគ្គលិក។
លោកបានអំពាវនាវដល់សិស្សនិស្សិត ឬអ្នកមានបំណងចង់ស្វែងរកការងារធ្វើសូមកុំភ្លេច NEA ដែលជាមជ្ឈមណ្ឌលព័ត៌មានការងារយ៉ាងសំបូរបែប។ ជាមួយនេះ លោកបានអគុណដល់ NEA ដែលតែងតែសម្របសម្រួលដល់ធនាគារ AEON ក៏ដូចជាក្រុមហ៊ុនដទៃផ្សេងទៀត ក្នុងចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ៕
អត្ថបទ ៖ ឈិត បូរ៉ាវី






