មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរីនៅតែបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩រៀងរាល់ថ្ងៃ ប៉ុន្តែតួលេខអ្នកឆ្លងថ្មីហាក់មានការថមថយ មិនមានច្រើនដូចពេលមុននោះទេ ពោលគឺចំនួនក្រោម១០នាក់ក្នុងមួយថ្ងៃ ។
ទន្ទឹមនេះ ក្រុមគ្រូពេទ្យជួរមុខបានខិតខំជាខ្លាំងព្យាបាលអ្នកជំងឺឲ្យជាសះស្បើយច្រើននាក់ ដោយគិតត្រឹមល្ងាចម្សិលមិញ អ្នកជំងឺកូវីដ១៩បានសះស្បើយ ត្រឡប់ទៅផ្ទះវិញ សរុបចំនួន២០៨នាក់ហើយ ខណៈអ្នកឆ្លងថ្មីមាន០៦នាក់ប៉ុណ្ណោះ ។
នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី លោក ស៊ន សារុន បានថ្លែងប្រាប់តាមទូរស័ព្ទថា គិតរហូតមកដល់ពេលនេះ ខេត្តមណ្ឌលគិរីមានអាត្រាអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៣១០ករណី អ្នកជាសះស្បើយ២០៨ករណី អ្នកស្លាប់០២ករណី កំពុងសម្រាកព្យាបាល១០០ករណី ។ ចំពោះអ្នកកំពុងចត្តាឡីស័កវិញ នៅក្នុងមណ្ឌលមាន៤៣ករណី ចំណែកនៅតាមផ្ទះ៦៥៧ករណី ។
លោក បន្តថា សម្រាប់ខេត្តមណ្ឌលគិរីបានអនុវត្តការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការនិងប្រជាពលរដ្ឋចំនួន៣វគ្គហើយ ដោយកាលពីវគ្គទី១ និងវគ្គទី២ បានអនុវត្តក្នុងក្រុងសែនមនោរម្យ បានចំនួនជាង៦ពាន់នាក់ (ពីរដូស) ចំណែកនៅវគ្គទី៣នេះគឺអនុវត្តតាមបណ្ដាស្រុក ក្នុងនោះនៅស្រុកកែវសីមា បានចាក់ដូសទី១ជូនពលរដ្ឋប្រមាណ១ម៉ឺននាក់ ហើយយុទ្ធនាការនេះមិនទាន់បញ្ចប់ទេ ដោយអនុវត្តតាមបណ្ដាស្រុកផ្សេងៗទៀត ៕
អត្ថបទ ៖ អ៊ិត ភីរុណ


