ជប៉ុន៖ គណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិកនិយាយថា ខ្លួនបានព្រមានដល់គណៈកម្មាធិការអូឡាំពិករបស់ប្រទេសមួយចំនួន អំពីការបំពានច្បាប់នានាដូចជាការមិនពាក់ម៉ាស់ជាដើម។

ក្រុមអត្តពលិក និងអ្នកផ្សេងទៀតដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងជនពិការទីក្រុងតូក្យូត្រូវបានស្នើសុំឱ្យអនុវត្តតាមច្បាប់កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ដែលចែងអំពីច្បាប់ប្រឆាំងនឹងការឆ្លងមេរោគ រួមទាំងការតម្រូវឱ្យពាក់ម៉ាស់នៅកន្លែងប្រកួត។ ប៉ុន្តែមានករណីជាច្រើនដែលមិនពាក់ម៉ាស់ នៅតាមកន្លែងផ្សេងៗត្រូវបានគេរាយការណ៍។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ក្រុមមន្ត្រីគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍បាននិយាយថា ពួកគេបានចេញការព្រមានបន្ទាប់ពីបានបញ្ជាក់ថា អ្នកចូលរួមខ្លះមិនបានពាក់ម៉ាស់ទេ។ ក្រុមអ្នកសារព័ត៌មានបានចង្អុលបង្ហាញថា ប្រធានគណៈកម្មាធិការអូឡាំពិកជប៉ុន លោក Yamashita Yasuhiro មិនបានពាក់ម៉ាស់ទេនៅក្នុងការប្រកួតយូដូ។
នៅពេលសួរថា តើលោក Yamashita ត្រូវបានគេព្រមានទេ អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការប្រកួត លោក Takaya Masanori បាននិយាយថា លោកមិនបានដឹងពីករណីជាក់លាក់ណាមួយទេ។ លោកបានបន្ថែមថា ប្រសិនបើមានការបញ្ជាក់ថា លោក Yamashita មិនពាក់ម៉ាស់ទេ មន្ត្រីនឹងជំរុញឱ្យលោកអនុវត្តតាមច្បាប់។ ក្រុមមន្ត្រីគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ និងអ្នកស្ម័គ្រចិត្តបានជំរុញឲ្យមនុស្សពាក់ម៉ាស់ ដោយប្រើសញ្ញាដែលសរសេរជាភាសាអង់គ្លេស។ ក្រុមមន្ត្រីក្នុងទីក្រុងតូក្យូបានបញ្ជាក់ថា មានករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាជាង ២,៨០០នាក់កាលពីថ្ងៃអង្គារ ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានក្នុងរដ្ឋធានីរបស់ប្រទេសជប៉ុន៕
អត្ថបទ៖ សុខមាន