ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ បានសន្យារួមគ្នា ដោយបន្តពូនជ្រុំនូវចំ ណងសាមគ្គីភាព មិត្តភាពរវាងគណបក្សទាំងពីរឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងប្រកបដោយផ្លែផ្កា ខណៈការសន្យានេះគឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរនាថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤នេះ នៅលើទឹកដីកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ថងលូន ស៊ីសូលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម និងជាប្រធានរដ្ឋឡាវនៅវិមាន៧មករា នាថ្ងៃទី២៤ ខែមេសានេះ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំបាន«ប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ ស្និទ្ធស្នាល យោគយល់គ្នា និងក្នុងស្មារតីជឿទុកចិត្តគ្នា ដើម្បីបន្តពូនជ្រុំនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង គណបក្ស និងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា»។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះការរីកចម្រើន ឥតឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង។ មួយវិញទៀត ភាគីទាំងពីរក៏បានជូនព័ត៌មានគ្នាទៅវិញទៅមកអំពីសភាពការណ៍រួមនៅក្នុងតំបន់ និងអន្តរជាតិ សភាពការណ៍លេចធ្លោនៃគណបក្ស និងប្រទេសនីមួយៗ ទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការ ក្នុង ក្របខណ្ឌតំបន់និងអន្តរជាតិ ព្រមទាំងទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ។
នៅក្នុងកិច្ចប្រជុំនោះដែរ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការចាត់តាំងអនុវត្តស្មារតីនៃកិច្ចប្រជុំកំពូលលើកទី១៣រវាងគណបក្សទាំងពីរនៅរដ្ឋធានីវៀងចន្ទន៍ កាលពីឆ្នាំ២០២៣ កន្លងទៅដែលបានរួមចំណែក យ៉ាងធំធេងដល់ការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីដ៏ល្អ និងកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញទៅមករវាងគណបក្ស សភា រដ្ឋាភិបាល និងអង្គការមហាជននៃប្រទេសទាំងពីរ ក៏ដូចជារវាងអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែននៃប្រទេសទាំងពីរ ដើម្បីបុព្វហេតុការពារនិងអភិវឌ្ឍន៍ប្រទេសនីមួយៗ ដើម្បីលើកកម្ពស់តួនាទីប្រទេសទាំងពីរនៅក្នុងតំបន់ និងអន្តរជាតិ។
តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះដែរ ភាគីទាំងពីរបានឯកភាពខ្ពស់ក្នុងការបន្តពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរក៏ដូចប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិនៃប្រទេសទាំងបី និងប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដល់បុព្វហេតុ សន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅអនុតំបន់ទន្លេមេគង្គ ព្រមទាំងក្នុង តំបន់ និងពិភពលោក៕
អត្ថបទ ៖ បាន ចក់





