កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងនៅថ្ងៃពុធនេះបានរាយការណ៍ករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ១,៨៩៦នាក់កាលពីថ្ងៃអង្គារ ជាការហក់ឡើងខ្ពស់បំផុតនៃចំនួនឆ្លងប្រចាំថ្ងៃមិនធ្លាប់មាន ខណៈប្រទេសនេះព្យាយាមទប់ទល់នឹងរលកទី៤ នៃការផ្ទុះរាលដាលបង្កឡើងដោយវីរុសកូរ៉ូណាបម្លែងខ្លួនថ្មី Delta។

ចំនួនករណីឆ្លងសរុបប្រចាំថ្ងៃបានបំបែកកំណត់ត្រាចាស់កាលពីថ្ងៃទី២២ ខែកក្កដា ខណៈការឆ្លងបានរីករាលដាលហួសពីរដ្ឋធានីសេអ៊ូល និងតំបន់ជិតខាងនានារបស់ខ្លួន ជាទីដែលវិធានការគម្លាតសុវត្ថិភាពសង្គមតឹងរ៉ឹងបំផុតត្រូវបានដាក់ចេញ។ យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) មានករណីឆ្លងក្នុងស្រុកចំនួន ១.៨២៣នាក់កាលពីថ្ងៃអង្គារ និង ៣៣.៥% ឬ ៦១១ករណីមកពីតំបន់ផ្សេងៗក្រៅរាជធានី។
នេះជាលើកទី១ ហើយដែលករណីឆ្លងនៅក្រៅតំបន់ទីក្រុងសេអ៊ូលមានចំនួនលើសពី ៦០០នាក់ចាប់តាំងពីរលកវីរុស COVID-19 ដំបូងផ្ទុះឡើងពីព្រះវិហារមួយនៅភាគអាគ្នេយ៍ទីក្រុង Daegu។ គិតត្រឹមព្រឹកថ្ងៃពុធនេះ ប្រទេសកូរ៉េខាងត្បូងមានករណីឆ្លងវីរុស COVID-19 ចំនួន ១៩១,៥៣១នាក់បន្ទាប់ពីមានករណីឆ្លងថ្មី ១,៣៦៥នាក់ និងស្លាប់ចំនួន ២,០៧៩នាក់៕
អត្ថបទ៖ សុខមាន