កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, លោក សាន់ យូ អភិបាលរងខេត្តតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះទៅផ្សព្វផ្សាយច្បាប់ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្ដ្រខេត្តកំពង់ឆ្នាំងកុំអោយមានការឈូសទន្ទ្រានកាន់កាប់យកជាកម្មសិទ្ធិ ។ ពិធីនេះបានធ្វើឡើងនៅសាលាស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីមន្ទីរកសិកម្មខេត្ត, មន្ទីរធនធានទឹក, មន្ទីរបរិស្ថាន, អភិបាលស្រុក មេភូមិ មេឃុំ និងប្រជាជន សរុបចំនួន២០១នាក់ ។
ឯកឧត្តម ឯក ស៊ុនរស្មី បានថ្លែងថា៖ ការចុះផ្សព្វផ្សាយច្បាប់នៅក្នុងស្រុកជលគីរីនាពេលនេះ គឺចង់អោយប្រជាពលរដ្ឋ មេភូមិ មេឃុំ រដ្ឋបាលស្រុក រួមនិងមន្ត្រីនគរបាលយុត្តិធម៌ពាក់ព័ន្ធ យល់ដឹងកាន់តែច្បាស់ពីច្បាប់ពាក់ព័ន្ធនឹងទិដ្ឋភាពទូទៅនៃបទល្មើសជលផល ព្រៃឈើ បរិស្ថាន និងបទល្មើសផ្សេងទៀតពាក់ព័ន្ធនឹងធនធានធម្មជាតិដែលគ្រប់គ្រងដោយរដ្ឋ។ ពង្រឹងការអនុវត្តច្បាប់ស្ដីពីជលផល ច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងច្បាប់ផ្សេងទៀតទាក់ទងនឹងការការពារធនធានធម្មជាតិ ។ ណែនាំមន្ត្រីនគរបាលយុត្ដិធម៌អោយស្គាល់ និងយល់ពីតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្ដិធម៌ក្នុងសំណុំរឿងបទល្មើសទាក់ទងនឹងធនធានធម្មជាតិ ។ ពង្រឹងសមត្ថភាពមន្ត្រីនគរបាលយុត្ដិធម៌ក្នុងការបង្ក្រាបបទល្មើសទាក់ទងនឹងជលផល ព្រៃឈើ បរិស្ថាន និងបទល្មើសនានាដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ បន្ថែមលើសពីការលើកឡើងខាងលើ ឯឧ បានបង្ហាញលិខិតរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងលេខ 236/24 សជណ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ សេចក្តីជូនដំណឹងស្តីពី វិធានការទប់ស្កាត់ និងដកហូតដីព្រៃ ដែលកាន់កាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយខេត្តបានយោងសេចក្តីជូនដំណឹងស្តីពីវិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ លេខ 1127/0324 សជណ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន តាមខ្លឹមសារលិខិតបានន័យថា រដ្ឋបាលខេត្តមិនទទួលស្គាល់រាល់លិខិតចុះហត្ថលេខាបញ្ជាក់ពីមេភូមិ មេឃុំ ឬស្រុក ដែលផ្ទុយពីលិខិតខាងលើឡើយ ។
នាឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានផ្តល់ជូនប្រជាពលរដ្ឋជាម្ចាស់គ្រឿងចក្រក្នុងស្រុកជលគីរី នូវសារុង ថវិកា និងអាហារថ្ងៃត្រង់ជូនពួកគាត់ផងដែរ ៕ ដោយ ៖ កាំង ហុងវាស្នា








