ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឯកឧត្តម ហ្គោរ៉ាន អាលេកស៊ីក (Goran Aleksic) រដ្ឋលេខាធិការក្រសួងការបរទេសស៊ែប៊ី និងជាប្រេសិតពិសេសរបស់លោកជំទាវ អាណា ប៊ើនណាប៊ិក (Ana Brnabic) ប្រធានរដ្ឋ សភាស៊ែប៊ី ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចប្រធានរដ្ឋសភា ជូនចំពោះឯកឧត្តមប្រធានគណៈប្រតិភូ និងសហការី និងបានផ្តាំផ្ញើសាកសួរសុខទុក្ខជូនដល់លោកជំទាវប្រធានរដ្ឋសភាស៊ែប៊ី និងសមាជិក សមាជិកាទាំងអស់ នៃរដ្ឋសភាស៊ែប៊ីផងដែរ។
ក្នុងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសម្ដែងការស្វាគមន៍ដោយក្តីសោមនស្សរីរាយ ចំពោះដំណើរបំពេញទស្សនកិច្ច របស់ឯកឧត្តម ព្រមទាំងសហការី នៅព្រះរាជាណាចក្រកម្ពុជា ពិសេស នៅវិមានរដ្ឋសភានាពេលនេះ ក្នុងគោលបំណងពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ របស់ប្រទេសទាំងពីរកម្ពុជា-ស៊ែប៊ី។
ឯកឧត្តម ហ្គោរ៉ាន អាលេកស៊ីក រដ្ឋលេខាធិការក្រសួងការបរទេសស៊ែរប៊ី បានថ្លែងអំណរគុណចំពោះរដ្ឋសភាកម្ពុជាដែលបានទទួលទទួលស្វាគមន៍ និងផ្ដល់ពេលវេលាឱ្យឯកឧត្ដមនិងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ក៏បានមានប្រសាសន៍រំលឹកពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ស៊ែប៊ី និងកម្ពុជា ដែលមានតាំងពីយូរមកហើយ ដែល ប្រទេសទាំងពីរតែងគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរជាតិ និងថា ស៊ែរប៊ី ប្ដេជ្ញាចិត្ត បន្តជំរុញ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងស៊ែប៊ី និងកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត៕ ដោយ ៖ ដារ៉ា