កោះកុង៖ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង មួយចំនួនបានត្អូញត្អែរពីការកង្វះទឹកស្អាតប្រើប្រាស់ពុំគ្រប់គ្រាន់ជាង១សប្តាហ៍មកនេះ ដោយស្ថានភាពទឹកប្រែកង្វល់ពិបាកប្រើ។
ប្រជាពលរដ្ឋមួយចំនួននៅក្នុងខេមរភូមិន្ទ ពិសេសនៅតំបន់រង្វង់មូលស្តូក សង្កាត់ស្មាច់មានជ័យ បានលើកឡើងថា ឱកោះកុងអន្លង់កម្ម ទោះជាទឹកជ្រោះ ទឹកស្ទឹង ទឹកលាងទុយោ យ៉ាងម៉េចក៏លក់ជាតម្លៃទឹកស្អាតពេញថ្លៃដែរ។ ទឹកខ្សោយ ទឹកដាច់ តាមចិត្ត តែបើបង់យឺតផាក។នេះជាការឡើងរបស់ម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ Bora Vet kkg ។
ប្រភពពលរដ្ឋដដែល អះអាងថា ទឹកល្អក់ ផ្តើមតាំងពីថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរ បានបញ្ចប់មកស្ថានភាពទឹកផ្តើមប្រែល្អក់ៗថ្លាៗពិបាកប្រើ ពោលគឺមិនថ្លាស្អាត២៤ម៉ោងដូចមុនៗទេ។ បើឱ្យដាច់គឺមិនដាច់ទេទឹក រីឯសម្ពាធទឹកវិញទាបខ្សោយមិនខ្លាំង ពិបាកងូត បោកសម្លៀកបំពាក់ និងដាំស្លរ។
ដោយឡែកពលរដ្ឋរស់នៅតំបន់ឆ្នេររីករាយ ក្បែរមាត់ព្រែកកោះប៉ោវិញ ក៏ជួបបញ្ហាកង្វះទឹកស្អាតដូចគ្នាដែរ ដូច្នេះដល់ក្រុមហ៊ុនផ្គង់ផ្គង់ទឹកស្អាតខេត្តកោះកុង និងលោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ចុះពិនិត្យដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលាផងដែរ លើសេវាកម្មមួយនេះ ចៀសវាងខ្វះខាតទឹកប្រើអំឡុងរដូវប្រាំង។
បញ្ហានេះដែរ លោក ខ្លឹម គគីរ ប្រធានមន្ទីរស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ថ្លែងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ថា ស្ថានភាពទឹកនៅទំបន់ទប់ទឹកនៅជ្រោះតាប៉ន នៅមានកំពស់១៥.៤៨ម៉ែត្រ ដោយបន្តតាមដានទៀតដើម្បីរាយការណ៍ជូនរដ្ឋបាលខេត្ត និងក្រសួងសាមី។
ទោះបីយ៉ាងណា នៅពេលអ្នកសារព័ត៌មានមានបំណងចុះផ្តិត និងសម្ភាសន៍ពីស្ថានភាពទឹកនៅទំនប់ទឹកជ្រោះតាប៉ន ដើម្បីដឹងជាក់ស្តែងនៅទីនោះ តែបែរជា លោក ខ្លឹម គគីរ លើកឡើងថា លោករវល់ប្រជុំZOOMរសៀលនេះ ហើយលោកព្យាយាមទាក់ទងទៅម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតខេត្ត ហើយមិនអាចទាក់ទងបានទេ។
ចំណែកឈ្មោះ វិចិត្រ ដែលគេស្គាល់ថា ជាអ្នកគ្រប់គ្រងការផលិតទឹកស្អាតនៅតំបន់ជ្រោះតាប៉ន និយាយថា លោកមិនអាចអនុញ្ញាតឱ្យចូលថត និងសម្ភាសន៍បានទេនៅទំនប់ទឹកផ្ទាល់ លុះត្រារង់ចាំការឯកភាពសម្រេចពីថ្នាក់ដឹកនាំក្រុមហ៊ុនសិន ទើបអោយចូលបាន។ តែឈ្មោះ វិចិត្រ ក៏សុំជាកម្រសំណួរដែលចង់ទៅសម្ភាសន៍ព័ត៌មានអំពីស្ថានភាពកម្រិតទឹកនៅទំនប់ផ្ទាល់៕
អត្តបទ ៖ ឈឹម មករា




