ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅយប់ថ្ងៃទី២៤ ខែមេសានេះ បានចេញសារតាមបណ្ដាញសង្គម បដិសេធ ចំពោះសាររបស់លោក សាពូន មីដាដា ដែលបានបង្ហោះថាសម្ដេចបានផ្ដល់លុយជិត៧លានដុល្លារ។ សម្ដេចបានបញ្ជាក់ថាលុយនេះច្រើនណាស់សម្ដេចគ្មានលទ្ធភាពផ្តល់ឲ្យលោកសាពូនមីដាដានោះឡើយ។
សម្ដេចតេជោ បានបញ្ជាក់ថា៖«លោកសាពូនមីដាដាបានបង្ហោះសារ ដោយនិយាយថាខ្ញុំនិងភរិយាបានជួយគាត់ចំនួន ៦,៧ លានដុល្លារ ព្រមទាំងផ្ទះ និងឡាន។ ច្រើនណាស់កូនបើកូនទទួលបានមែនតើកូនយកទៅណា?។ តើកូនឆ្កួត ឬក៏ឡប់ឬចង់អួតទៅអ្នកដ៏ទៃ? ជាង១០ឆ្នាំមុនពុកម៉ែបានហៅកូនទាំងពីរ និងចៅទៅលេងផ្ទះនៅវិមានឯករាជ្យ និងបានផ្តល់ប្រាក់ ៣០ម៉ឺនដុល្លារសម្រាប់ពួកកូនទិញផ្ទះនៅ»។
សម្ដចតេជោបញ្ជាក់ថា៖«ក្រោយមកដោយឃើញថាមារយាទកូនទាំងពីរមិនកើត ពុកម៉ែបដិសេដ្ឋមិនជួយកូនទៀតទេទោះកូនបានសុំមកទៀតដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថាទិញផ្ទះចំនួន ៤ ដែលគ្មានលុយបង់រំលោះឲ្យគេ។ កូនប្រុសពុកម៉ែមានចិត្តចង់ជួយកូនតែកូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេ តែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយៈការបង្ហោះសារបែបនេះទៅវិញ។ លុយជិត៧លានដុល្លារវាច្រើនណាស់ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះឡើយ»៕


