បង់ក្លាដែស៖ មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ៥នាក់បានស្លាប់នៅក្នុងបំណាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងជំរំមួយនៅភាគខាងត្បូងប្រទេសបង់ក្លាដែស ដែលជាកន្លែងជនភៀសខ្លួនជាង ១លាននាក់មកពីប្រទេសជិតខាងមីយ៉ាន់ម៉ាត្រូវបានជ្រកកោន។

លោក Shamsud Douza ស្នងការទទួលបន្ទុកជនភៀសខ្លួនការផ្តល់ជំនួយសង្គ្រោះ និងការធ្វើមាតុភូមិនិវត្តន៍បាននិយាយថា ក្មេងម្នាក់ក៏ត្រូវបានទឹកជំនន់ហូរនាំទៅនៅក្នុងប្រឡាយមួយនៅអ៊ុយគីយ៉ា (Ukhiya) ផងដែរ។ ការិយាល័យអាកាសធាតុរបស់ប្រទេសបង់ក្លាដែសបានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រមាណ ៧០ម៉ឺននាក់បានភៀសខ្លួនទៅកាន់ជំរំជនភៀសខ្លួន Cox's Bazar ក្នុងប្រទេសបង់ក្លាដែសបន្ទាប់ពីខែសីហា ឆ្នាំ២០១៧ នៅពេលដែលយោធាសហភាពមីយ៉ាន់ម៉ាកាន់ព្រះពុទ្ធសាសនាភាគច្រើន បានចាប់ផ្ដើមការបង្ក្រាបយ៉ាងសាហាវទៅលើក្រុមមូស្លីម បន្ទាប់ពីការវាយប្រហាររបស់ក្រុមបះបោរ។ ការបង្ក្រាបនេះរួមមានការចាប់រំលោភ ការសម្លាប់ និងការដុតបំផ្លាញផ្ទះសម្បែងរាប់ពាន់ខ្នង និងត្រូវបានក្រុមសិទ្ធិមនុស្សសកល និងអង្គការសហប្រជាជាតិហៅថា ជាការសម្លាប់ផ្ដាច់ពូជ៕
អត្ថបទ៖ សុខមាន