អន្តរជាតិ៖ សង្គ្រាមរវាងកងកម្លាំងអាមេនី និងអាស៊ែបៃហ្សង់ នៅតែបន្តកាលពីថ្ងៃអាទិត្យ នៅដែនដីផ្តាច់ខ្លួន ណាហ្គ័រណូ-ការ៉ាបាក់ ក្នុងនោះ ទីក្រុងធំទី២របស់អាស៊ែបៃហ្សង់ រងការវាយប្រហារ ហើយប្រទេសមួយនេះ អះអាងថា ពួកគេដណ្តើមបានទីក្រុងមួយកន្លែង និងភូមិជាច្រើនទៀតរបស់អាមេនី។
ក្រសួងការពារជាតិអាស៊ែបៃហ្សង់ បានបង្ហោះវីដេអូគ្លីប ឃើញអាវុធជាច្រើន និងសម្ភារសឹក ដែលរឹបអូសបាននៅក្នុងតំបន់ ចាប្រាយីល។
ខណៈពេលនោះដែរ ក្រសួងការពារជាតិអាមេនី ក៏បានចែករំលែកវីដេអូគ្លីបដូចគ្នា ឃើញពួកគេបំផ្លាញអង្គភាពយោធាអាស៊ែបៃហ្សង់ និងបានព្យាយាមចូលច្រកភ្នំម៉ាតាហ្គីស។
ទោះបីជាយ៉ាងណាក៏ដោយ គ្មានវីដេអូណាមួយ ត្រូវបានបញ្ជាក់ផ្ទៀងផ្ទាត់ឯករាជ្យដោយ ទីភ្នាក់ងារព័ត៌មាន APនោះទេ។
គួរឲ្យដឹងថា សង្គ្រាមរវាងប្រទេសទាំង២ បានផ្ទុះឡើងកាលពីថ្ងៃទី២៧ ខែកញ្ញា ហើយមកទល់នឹងពេលនេះ មនុស្សជាច្រើននាក់ បានស្លាប់ និងរងរបួស ធ្វើឲ្យមានភាពតានតឹងឡើងកម្តៅខ្លាំងបំផុតអំឡុងសង្គ្រាមអូសបន្លាយពេល១ទសវត្សរ៍កន្លងមកនេះរបស់ពួកគេ។
តំបន់ណាហ្គ័រណូ-ការ៉ាបាក់ ស្ថិតនៅក្នុងប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែ គ្រប់គ្រងដោយកងកម្លាំងជនជាតិដើមភាគតិចអាមេនី៕ អត្ថបទ៖ សារ៉ាត់
