បាល់ទាត់៖ ក្លិបអាល្លឺម៉ង់ Borussia Dortmund បានសំរេចក្នុងការនាំយកខ្សែប្រយុទ្ធហូឡង់ Donyell Malen ពីក្លិប PSV Eindhoven ក្នុងតម្លៃ ៣០លានអឺរ៉ូដែលត្រូវបានគេរំពឹងថានឹងជំនួសខ្សែបម្រើស្លាប Jadon Sancho ដែលចាកចេញទៅ Manchester United ក្នុងតម្លៃ ៧៣លានផោន។

កីឡាករវ័យ ២២ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៥ឆ្នាំជាមួយក្លិបនៅកីឡដ្ឋាន Signal Iduna Park។ Malen ធ្លាប់ជាកីឡាកររបស់យុវជនថ្នាលក្រុមកាំភ្លើងធំ Arsenal មុនពេលផ្លាស់ទៅ PSV ឆ្នាំ២០១៧។ Malen ក៏ជាសមាជិករបស់ក្រុមជំរើសជាតិហូឡង់ដែរ នៅព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប Euro ២០២០ ដែលធ្លាក់នៅវគ្គ ១៦ក្រុមចុងក្រោយ ខណៈ Malen បង្ហាញខ្លួនបាន ៤លើកមិនមានគ្រាប់បាល់ តែបញ្ចូនពីរលើក។ Donyell Malen មានរដូវកាលដ៏អស្ចារ្យមួយជាមួយ PSV រដូវកាលមុននៅលីគកំពូលហូឡងដោយរកបាន ១៩គ្រាប់ក្នុងការបង្ហាញខ្លួន ៣២ប្រកួត និងគ្រាប់បាល់បញ្ជូន ១០គ្រាប់៕
អត្ថបទ៖នាង សុភាវុធ