ចិន៖ កាលពីថ្ងៃអង្គារ ប្រជាពលរដ្ឋបានដាក់ផ្កានៅច្រកចូលស្ថានីយរថភ្លើងក្រោមដីមួយ ជាកន្លែងដែលមានមនុស្សយ៉ាងហោចណាស់ ១៤នាក់បានស្លាប់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានជន់លិចតំបន់ជាច្រើននៃខេត្តហឺណាន (Henan) នៅភាគកណ្ដាលប្រទេសចិន។

យោងតាមទូរទស្សន៍ រដ្ឋ CCTV យ៉ាងហោចណាស់មានមនុស្ស ៧១នាក់ត្រូវបានគេអះអាងថាបានស្លាប់។ កាលពីសប្ដាហ៍មុន ទឹកបានហូរយ៉ាងលឿនទៅក្នុងបណ្ដាញផ្លូវរថភ្លើងក្រោមដីនៅក្នុងទីក្រុង Zhengzhou ដែលបណ្ដាលឲ្យរថភ្លើងមួយខ្សែកំពុងដឹកអ្នកដំណើររាប់រយនាក់ ជាប់នៅចន្លោះស្ថានីយទាំងពីរ។ មនុស្សមួយចំនួនបានលង់ទឹកស្លាប់ និងខ្លះទឹកលិចជម្រៅត្រឹមដើមទ្រូងពិបាកដកដង្ហើម មុនពេលក្រុមសង្គ្រោះបន្ទាន់ជួយសង្គ្រោះ។ កាលពីថ្ងៃអង្គារ មនុស្សមួយក្រុមមានគ្នាប្រមាណ ៥០នាក់បានឈរនៅខាងក្រៅច្រកចូល ដោយភាគច្រើនស្លៀកពាក់ខ្មៅ។ ក្រុមអ្នកកាន់ទុក្ខ និងអ្នកបើកបរដឹកជញ្ជូនទំនិញបានដាក់កម្រងផ្កាពណ៌ស និងលឿងរុំស្រោបក្នុងក្រដាសខ្មៅដាក់ជិតច្រកចូលដែលកំពុងបិទទ្វារ។
ក្រុមអ្នកកាន់ទុកបាននិយាយថា ពួកគេមកទីនេះដើម្បីបង្ហាញការគោរពចំពោះជនរងគ្រោះ។ ក្រុមសាច់ញាតិខ្លះនៃអ្នកដែលបានស្លាប់បានរិះគន់អាជ្ញាធរផ្លូវក្រោមដីក្រុង Zhengzhou ដោយចោទប្រកាន់ពួកគេថា បន្តដំណើរការធ្វើដំណើរតាមរថភ្លើងទាំងដែលដឹងច្បាស់ថា វាអាចបង្កឱ្យមានគ្រោះថ្នាក់ក៏ដោយ។ ពួកគេនិយាយថា មន្ត្រីរថភ្លើងក្រោមដីបានរារាំងការរុករកសាច់ញាតិដែលបាត់ខ្លួន។ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមសង្គ្រោះបានស្វែងរកនៅតាមផ្លូវរថភ្លើងក្រោមដី ដើម្បីរកអ្នកនៅរស់រានមានជីវិត និងសាកសពជនរងគ្រោះផងដែរ៕
អត្ថបទ៖ សុខមាន