បាល់ទាត់៖ ក្លិបបិសាចក្រហម Manchester United បានបញ្ជាក់ជាផ្លូវការពីការឈានដល់កិច្ចព្រមព្រៀងជាមួយ Real Madrid ក្នុងការនាំយកខ្សែការពារបារាំង Raphael Varane មកកាន់ Old Trafford។

តំលៃនៃការផ្ទេរកីឡាករវ័យ ២៨ឆ្នាំរូបនេះត្រូវបានក្លិបទាំង២ ព្រមព្រៀងគ្នាក្នុងតម្លៃ ៣៤លានផោន ហើយក៏នឹងអាចឡើងដល់ ៤២លានផោន ស្របពេលដែល Raphael Varane ក៏បានព្រមព្រៀងចុះកិច្ចសន្យា ៤ឆ្នាំជាមួយ Manchester United ជាមួយនឹងលក្ខខណ្ឌបន្តបន្ថែម ១២ខែ។ Raphael Varane នឹងក្លាយជាកីឡាករទីពីរដែលផ្ទេរមកកាន់ Old Trafford រដូវកាលថ្មីខាងមុខនេះបន្ទាប់ពី Jadon Sancho ផ្ទេរពី Borussia Dortmund ផ្លូវការក្នុងតម្លៃ ៧៣លានផោន។ កីឡាករវ័យ ២៧ឆ្នាំរូបនេះបាននៅជាមួយ Real Madrid ចាប់តាំងពីឆ្នាំ២០១១ និងបានបង្ហាញខ្លួនចំនួន ៣៥១លើកសម្រាប់ក្លិបគ្រប់ក្របខណ្ឌ។
ក្រុមបិសាចក្រហម Manchester United មានចំណាប់អារម្មណ៍លើខ្សែការពារកណ្តាលរូបនេះ តាំងពីពេលដែល Varane នៅ Lens ជិតមួយទសវត្សរ៍ដោយនៅពេលនោះ Sir Alex Ferguson ជាអ្នកព្យាយាមនាំយករូបគេមកកាន់ Old Trafford តែមិនសំរេច ហើយក្រោយមកជំនាន់លោក Jose Mourinho ក៏ព្យាយាមម្តងទៀតតែមិនសំរេចដូចគ្នា៕
អត្ថបទ៖នាង សុភាវុធ