ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការបញ្ជាក់ទៅកាន់សមាជិកសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) អំពីការកែសម្រួលសេវារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅអាណត្តិទី៧ថ្មីនេះ ដើម្បីបន្តជួយគាំទ្រ និងបង្កើនបរិយាកាសអាជីវកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
នៅក្នុងវេទិកាធនធានមនុស្សប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៥ មេសា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សេវាមិនតិចជាង ១០ប្រភេទនោះទេ ដែលក្រសួង នឹងត្រូវកែសម្រួលមិនយកថ្លៃ ឬកាត់បន្ថយថ្លៃ និងពេលវេលា ដែលជាការអនុវត្តតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលដល់វិស័យឯកជន។
ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យសមាជិកសភាពាណិជ្ជកម្មអឺរ៉ុបដែលចង់បណ្តុះបណ្តាល ឬបង្កើនសមត្ថភាពបុគ្គលិក មកចុះឈ្មោះបណ្តុះបណ្តាលតាមគ្រឹះស្ថានអប់រំសិក្សារបស់ក្រសួងដែលនឹងផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃតាំងពីកម្រិតបច្ចេកទេសវិជ្ជាជីវៈកម្រិត១ រហូតដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (ឌីប្លូម៉ា)។ បន្ថែមពីនេះ ឯកឧត្តម ក៏បានរំលឹកពីកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥លាននាក់ ដែលទទួលបានការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែ។
សូមបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់យកការបណ្តុះបណ្តាលជំនាញគឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងចំណោមយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ ដើម្បីជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ចរិយាមារយាទ មនសិការវិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវដែលមានផលិតភាពខ្ពស់ មានភាពធន់ បត់បែនដែលអាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម បច្ចេកវិទ្យាឌីជីថលក្នុងទិសដៅធានាថា ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត៕
អត្ថបទ ៖ ឈិត បូរ៉ាវី









