រដ្ឋាភិបាលអ៊ុយក្រែន បានដាក់ចេញនូវបទប្បញ្ញត្តិរឹតបន្តឹងបន្ថែមទៀតលើលិខិតឆ្លងដែនរបស់បុរសវ័យបម្រើយោធា ខណៈខ្លួនកំពុងស្វះស្វែងរកការដោះស្រាយកង្វះកងទ័ព ដោយបានអនុម័តច្បាប់រារាំងជាបណ្តោះអាសន្នដល់បុរសដែលមានអាយុចូលបម្រើយោធា ពីការដាក់ពាក្យសុំលិខិតឆ្លងដែននៅបរទេស។
បទប្បញ្ញត្តិ និងការបំភ្លឺជាបន្តបន្ទាប់ពីក្រសួងការបរទេសអ៊ុយក្រែន ត្រូវបានប្រកាសកាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេស លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) បានផ្អាកសេវាកម្មកុងស៊ុលសម្រាប់បុរសដែលមានអាយុពី ១៨ ទៅ ៦០ ឆ្នាំរហូតដល់ថ្ងៃទី១៨ ខែឧសភា។
ក្រសួងការបរទេសបាននិយាយថា បេក្ខជនដែលចង់បានវិញ្ញាបនបត្រពិសេសដែលប្រកាសថាពួកគេចង់ត្រឡប់ទៅអ៊ុយក្រែនវិញ នឹងអាចទទួលបានជំនួយនៅស្ថានទូត និងស្ថានកុងស៊ុលនានា។ ការរឹតបន្តឹងនេះកើតឡើងស្របពេលច្បាប់ថ្មីស្តីពីការចល័តទ័ពជិតនឹងចូលជាធរមាន ដែលមានគោលបំណងបង្កើនចំនួនកងទ័ពតាមរយៈការលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្ត និងការដាក់ទណ្ឌកម្មសម្រាប់អ្នកដែលគេចខ្លួន។
បុរសជនជាតិអ៊ុយក្រែន ដែលមានអាយុបម្រើយោធារាប់សិបម៉ឺននាក់កំពុងរស់នៅបរទេស រួមទាំងការប៉ាន់ប្រមាណថាមាន ៨៦០.០០០ នាក់នៅក្នុងសហភាពអឺរ៉ុប ខណៈប្រទេសនេះប្រឈមនឹងកង្វះខាតកងទ័ពនៅក្នុងយុទ្ធនាការប្រឆាំងរុស្ស៊ី៕