កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា យន្តហោះចម្បាំង និងកាំភ្លើងធំរបស់អ៊ីស្រាអែល បានវាយប្រហារទៅលើគោលដៅប្រហែល៤០របស់ក្រុមហេសបូឡាដែលគាំទ្រអ៊ីរ៉ង់ នៅប្រទេសលីបង់ ភាគខាងត្បូង កាលពីថ្ងៃពុធ។
កងកម្លាំងការពារនេះ បានអះអាងថា ខ្លួនបានវាយប្រហារឃ្លាំងអាវុធ និង «ហេដ្ឋារចនាសម្ព័ន្ធភេរវកម្មផ្សេងទៀត» នៅ ប្រទេសលីបង់ភាគខាងត្បូង ជាពិសេសនៅតំបន់ Ayta ash Shab ដែលជាកន្លែង បណ្តុះបណ្តាលរបស់ក្រុមនេះ។
ប្រភពសន្តិសុខលីបង់ បានប្រាប់សារព័ត៌មាន dpa ថា យន្តហោះចម្បាំងអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសច្រើនជាង ១៤លើកលើទីតាំងផ្សេងៗនៃប្រទេសលីបង់ភាគខាងត្បូង។
មុននេះ ក្រុមហេសបូឡា បានអះអាងថា ពួកគេ បានបាញ់រ៉ុក្កែតឆ្លងព្រំដែន ជាការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើភូមិហានីន (Hanine) ភាគខាងត្បូង ដែលបានសម្លាប់ជនស៊ីវិលពីរនាក់ កាលពីល្ងាចថ្ងៃអង្គារ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) បានអះអាងថា ពាក់កណ្តាលនៃមេបញ្ជាការរបស់ក្រុមហេសបូឡា នៅប្រទេសលីបង់ភាគខាងត្បូង ត្រូវបានសម្លាប់ដោយយោធាអ៊ីស្រាអែល។
ការអត្ថាធិប្បាយរបស់លោក ត្រូវបានធ្វើឡើង បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីបញ្ជាការភាគខាងជើងរបស់កងទ័ពអ៊ីស្រាអែល ក្នុងទីក្រុងSafad។