ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំង Johnson & Johnson ចំនួន ១លានដូសដែលជាជំនួយរបស់អាមេរិក នឹងត្រូវដឹកជញ្ជូនមកដល់កម្ពុជាជាបន្តបន្ទាប់នៅថ្ងៃសុក្រសប្ដាហ៍នេះ និងថ្ងៃចន្ទសប្ដាហ៍ក្រោយ។
ស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ បានប្រកាសឱ្យដឹងបែបនេះនៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលត្រូវបានផ្ញើជូនអ្នកសារព័ត៌មាននៅថ្ងៃនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះ ស្ថានទូតអាមេរិកបញ្ជាក់ថា វ៉ាក់សាំងចំនួនពាក់កណ្ដាល នឹងត្រូវដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ហើយវ៉ាក់សាំងសេសសល់ នឹងត្រូវដឹកមកដល់កម្ពុជានៅថ្ងៃទី០២ ខែសីហា។
ថ្មីៗនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រេចផ្ដល់ជំនួយជាវ៉ាក់សាំង Johnson & Johnson ចំនួន ១លានដូសមកកម្ពុជាតាមរយៈមណ្ឌលសម្របសម្រួលការបែងចែកវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក COVAX៕អត្ថបទ ៖ សុធី