មេដឹកនាំជាប់ឆ្នោតលោក Lai Ching-te នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមេសា) នេះ បាននិយាយថា ប្រទេសចិនគួរតែមានទំនុកចិត្ត ក្នុងការពិភាក្សាជាមួយរដ្ឋបាលជាប់ឆ្នោតស្របច្បាប់របស់កោះតៃវ៉ាន់ ខណៈដែលលោកបានតែងតាំងក្រុមសន្តិសុខជាតិ និងការទូតថ្មីរបស់លោក ចំពេលដែលលោកហៅថា ជាបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក។
ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថា ជាដែនដីរបស់ខ្លួន ទោះមានការជំទាស់យ៉ាងខ្លាំងរបស់កោះនេះក្ដី បានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយប្រឆាំងនឹងក្រុងតៃប៉ិ ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ខណៈដែលខ្លួនស្វែងរកការទាមទារអធិបតេយ្យភាព។
លោក Lai ដែលបានឈ្នះការបោះឆ្នោតក្នុងខែមករា និងចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភា មិនត្រូវបានពេញចិត្តជាពិសេសដោយទីក្រុងប៉េកាំង ដោយចាត់ទុកលោកថា ជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់។ លោក Lai បានផ្តល់ការចរចាជាមួយប្រទេសចិនម្តងហើយម្តងទៀត ប៉ុន្តែត្រូវបានបដិសេធ។ លោកនិយាយថា មានតែប្រជាជនកោះតៃវ៉ាន់ទេដែលអាចសម្រេចលើអនាគតរបស់ពួកគេ។
បញ្ហាដែលក្រុមសន្តិសុខជាតិថ្មីរបស់កោះនេះកំពុងប្រឈម គឺមិនធ្លាប់មានពីមុនមក ដោយសារការកើនឡើងនូវលទ្ធិផ្តាច់ការ ហើយដោយការដាក់សម្ពាធរបស់ប្រទេសចិនកាន់តែខិតជិតគ្រប់ពេលវេលា។
លោក Lai បានលើកឡើងពីពិភាក្សាជាថ្មីម្ដងទៀតជាមួយទីក្រុងប៉េកាំង។ លោកបាននិយាយថា៖ «ខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំង ដើម្បីឲ្យប្រទេសចិនមានទំនុកចិត្តក្នុងការចូលរួមជាមួយរដ្ឋបាលជាប់ឆ្នោត និងស្របច្បាប់ដែលប្រជាជនកោះតៃវ៉ាន់បានប្រគល់ឲ្យ។ នោះគឺជាមធ្យោបាយត្រឹមត្រូវ សម្រាប់ការផ្លាស់ប្តូរឆ្លងកាត់ច្រកសមុទ្រ»៕