ក្រចេះ៖ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដឹកនាំនិងរៀបចំកម្មវិធីសិក្ខា សាលាស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩ ដើម្បីផ្តល់ចំណេះដឹង និងអត្ថប្រយោជន៍ដល់ម្ចាស់សហគ្រាសធុនតូច និង មធ្យមនៅខេត្តក្រចេះ។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០២៤ បានដឹកនាំនិងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩”ជូន សមាជិក-សមាជិការបស់ FASMEC ខេត្តក្រចេះ ដោយក្នុងនោះមានការអញ្ជើញចូលរួមបើកកម្មវិធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វ៉ា ថន អភិបាល នៃ គណៈអភិបាលខេត្តក្រចេះ និងបិទកម្មវិធីក្រោមអធិបតីភាព លោក នី ឆុន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ តំណាងខ្ពង់ខ្ពង់របស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍។
សិក្ខាសាលានេះ មានដៃគូសហការឧបត្ថម្ភនានាដូចជា៖ សមាគមមូលនិធិសម្តេចតេជោ, សហគ្រិនខ្មែរ, ធនាគារវីង ម.ក, ធនាគារសហគ្រាសធុនតូច នឹងមធ្យមកម្ពុជា, ធនាគារកាណាឌីយ៉ា និងដៃគូសហការផ្សេងៗទៀត និងមាន SME ចូលរួមចំនួន ប្រមាណ ១៨០ នាក់។
ចំណែកការរៀបចំសិក្ខាសាលានេះឡើង, សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានគោលបំណងដើម្បីផ្តល់ ចំណេះដឹង និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា បានដឹងពីព័ត៍មានទាក់ទងនឹងច្បាប់បញ្ញាតិ នានា ព័ត៌មានទាក់ទងនិងធនាគាដៃគូ និងក្រុមហ៊ុនដៃគូរផងដែរ៕















