ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមលើកទី១០ របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោមប្រធានបទ “រួមគ្នាបរិច្ចាគឈាមសង្គ្រោះជីវិត” ដែលមានការសហការគាំទ្រដោយក្រុមហ៊ុន វ័ន ហ្រេ្វតធើនីធី (វីតាល់) និងចូលរួមសហការរៀបចំដោយមជ្ឈមណ្ឌលជាតិផ្តល់ឈាម, ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ។
ពិធីដ៏មានសារៈសំខាន់នេះក៏មានព្រះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ដែលព្រះវត្តមានរបស់ព្រះតេជគុណ នាពេលនេះ គឺជាការលើកទឹកចិត្តដល់សប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាម បានយល់ដឹងអំពីការធ្វើអំពើល្អដោយទឹកចិត្តបរិសុទ្ធ តាមរយះការលះបង់លោហិតរបស់ខ្លួន ដើម្បីជួយដល់អ្នកជំងឺ ដែលលោកកំពុងរង់ចាំការជួយសង្គ្រោះអាយុជីវិត ពីក្រុមវេជ្ជបណ្ឌិតជំនាញគ្រប់ឯកទេស មន្រ្តីថែទាំគ្រប់ថានានុក្រមទទួលខុសត្រូវ ជាមួយនឹងឈាមដែលជាឱសថមានគុណតម្លៃឧត្តុង្គឧត្តមបំផុត ព្រោះលើលោកនេះពុំមានមន្ទីរពិសោធន៍ណាអាចផលិតឈាមបាននៅឡើយ។
ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត បានមានប្រសាសន៍ថា នេះគឺជាលើកទី១០ហើយ ដែលមន្ទីរពេទ្យកាល់ម៉ែត តែងបានរៀបចំកម្មវិធីបរិច្ចាគឈាម ជារៀងរាល់ឆ្នាំរហូតមក ដោយមានការចូលរួមបរិច្ចាគឈាមពីថ្នាក់ដឹកនាំ និងបុគ្គលិក-មន្ត្រីរាជការនៃមន្ទីរពេទ្យកាល់ម៉ែត រួមទាំងបងប្អូនសប្បុរសជននានា ជាក្រុមគ្រួសារ និងសាច់ញាតិរបស់អ្នកជំងឺកំពុងសម្រាកក្នុងមន្ទីរពេទ្យផងដែរ ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងទឹកចិត្តលះបង់ ក្នុងបុព្វហេតុជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺ បន្ថែមពីលើភារកិច្ចពិនិត្យព្យាបាល និងថែទាំអ្នកជំងឺ។
ចំណែកលោកជំទាវ ជឹង សុគន្ធាវី នាយិកាក្រុមហ៊ុន វ័ន ហ្រេ្វតធើនីធី (វីតាល់)(One Fraternity Co.LTD Vital) បានថ្លែងថា ក្រោមកិច្ចសហប្រតិបត្តិការ រវាងមន្ទីរពេទ្យកាល់ម៉ែត មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមូលនិធិ២៥រៀល នៃក្រុមហ៊ុនទឹកពិសាវីតាល់ ដែលបានរៀបចំឡើងយ៉ាងទៀតទាត់ជារៀងរាល់ឆ្នាំ។ ក្នុងនាមមូលនិធិ២៥រៀល វីតាល់ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យកាលម៉ែត ដែលបានផ្តល់ការគាំទ្រ និងលទ្ធភាពឱ្យ មូលនិធិ២៥រៀល វីតាល់ បានចូលរួមសហការ រៀបចំកម្មវិធីបរិច្ចាគឈាមនេះបានចំនួន ១០ឆ្នាំរួចមកហើយ។ ជាមួយគ្នានេះ វីតាល់ ក្នុងនាមជាវិស័យឯកជន នឹងបន្តចូលរួមឧបត្ថម្ភគាំទ្រជានិច្ចដល់ការបង្កើតគម្រោងថ្មីៗ ដែលជាគំនិតផ្តួចផ្តើមក្នុងការចូលរួមដោះស្រាយ និងឆ្លើយតប ជាមួយតម្រូវការជាក់ស្តែង នៃបេសកម្មរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដោយរក្សានូវការគាំទ្រជាមូលធន ក្រោមបូរេប្រទានរបស់មូលនិធិ២៥រៀល វីតាល់ ដែលជាមូលនិធិ កើតចេញពីទឹកចិត្ត និងការបរិច្ចាគរបស់អ្នកប្រើប្រាស់វីតាល់ ដោយគ្រប់ដបៗ នៃទឹកពិសាវីតាល់ លោកអ្នកបានបរិច្ចាគប្រាក់ចំនួន២៥រៀល ចូលក្នុងមូលនិធិ ដោយថវិកាទាំងអស់នោះត្រូវបានយកមកប្រើប្រាស់សម្រាប់ការរៀបចំសកម្មភាព សង្គមនានារួមទាំងសកម្មភាពថ្ងៃនេះផងដែរ ដោយឈរលើមូលដ្ឋាននៃការឧបត្ថម្ភគាំទ្រ លើវិស័យអតិភាពចំនួនបួនរួមមាន៖ ការអប់រំ, បរិស្ថាន, សុខមាលភាពសង្គម និងវប្បធម៌។
ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈា រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល មានមោទនភាព និងសូមវាយតម្លៃខ្ពស់ចំពោះ កាយវិការដ៏ប្រពៃនេះ ដែលសំដែងនូវការគាំទ្រគោលនយោបាយផ្តល់ឈាមដោយស្ម័គ្រចិត្ត ក្រោមការដឹកនាំដ៏ឈ្លាសវនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តកំណត់យក“មនុស្ស” ជាអាទិភាពចម្បង និងគោលការណ៍ “មិនបោះបង់ពលរដ្ឋណាម្នាក់" ដើម្បីអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរឹងមាំ ប្រកបដោយភាពធន់ សមធម៌ និងបរិយាបន្ន។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា សូមលើកទឹកចិត្តបងប្អូនទាំងអស់ដែលមានវត្តមាននៅទីនេះ និងតាមបណ្តាស្ថាប័ន អង្គភាពនានា ដែលបានយល់ច្បាស់អំពីអត្ថន័យនៃការបរិច្ចាគឈាម សូមបន្តចូលរួមចំណែកក្នុងការបរិច្ចាគឈាមឱ្យក្លាយជាទម្លាប់ដ៏ប្រពៃយ៉ាងផុលផុសបន្ថែមទៀត។ កិច្ចការដែលយើងទាំងអស់គ្នាកំពុងប្រឹងប្រែងធ្វើគ្រប់សកម្មភាព គឺសុទ្ធតែដើម្បីជាប្រយោជន៍ជូនដល់អ្នកជំងឺ ហើយការផ្តល់ឈាម មួយប្លោក គឺមានន័យស្មើនឹងសង្គ្រោះជីវិតបានម្នាក់។ ការផ្តល់ឈាមដោយស្ម័គ្រចិត្តនាថ្ងៃនេះមានសារសំខាន់ខុសគ្នាពីការបរិច្ចាគឈាមជំនួស មានន័យថាអ្នកជំងឺឈឺ ក្រុមគ្រួសារត្រូវផ្តល់ឈាមជំនួស ដោយសារតែស្តុកឈាមរបស់យើង គឺមិនមានឈាមគ្រប់គ្រាន់ ដោយសារតែនៅប្រទេសកម្ពុជាយើង ការស្ម័គ្រចិត្តបរិច្ចាគឈាម នៅមានកម្រិតនៅឡើយ គឺមានប្រមាណជា២០%ប៉ុណ្ណោះ ចំពោះនៅបណ្តាប្រទេសជឿនលឿន មានរហូតដល់ជាង៩៩%ភាគរយហើយ។
ជាចុងក្រោយលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបញ្ជាក់ថា តម្រូវការឈាម ក្នុងឆ្នាំ២០២៣កន្លងមក យើងត្រូវការឈាមមួយប្លោក ដើម្បីជួយសង្រ្គោះជីវិតអ្នកជំងឺរៀងរាល់៥នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃសរុបមាន៣០០ ទៅ៣៥០ប្លោកនៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជាង១៤៣,១៤៣ប្លោក ដែលកើនលើសពីឆ្នាំមុនៗ៣០% ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគ្របដណ្តប់ជាង៧៥% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ចំណែកការទទួលឈាមតាមរយៈសប្បុរសជនដោយមិនទទួលកម្រៃ និងដោយស្ម័គ្រចិត្តឆ្លើយតបបាន១៩.៥% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា កម្មវិធីបរិច្ចាគឈាមនាព្រឹកនេះ ប្រព្រឹត្ដទៅដោយភាពរីករាយ ស្និតស្នាល សស្រាក់សស្រាំ និងប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ដែលអ្នកចូលរួមបរិច្ចាគឈាមសរុបមានចំនួន ៣៨៦នាក់ ៕ ដោយ ៖ រដ្ឋា
























