ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា សិល្បករ សិល្បការិនីកម្ពុជាមួយរូបៗ សុទ្ធតែជាឯកអគ្គរាជទូតតំណាងឱ្យវប្បធម៌ជាតិនៅលើឆាកអន្តរជាតិ និងពិភពលោក។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញ អញ្ជើញជាអធិបតីពិធីសំណេះសំណាល ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។
សម្ដេចធិបតីបានឯកភាពចំពោះការលើកឡើងរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួវវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានពង្រឹងតួនាទីគន្លឹះរបស់សិល្បករ សិល្បការិនី គ្រប់ទម្រង់ ក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់បន្សល់ទុកពីដូនតាខ្មែរ ព្រមទាំងការអភិវឌ្ឍ និងផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លានេះទៅលើឆាកអន្តរជាតិ។
សម្តេចធិបតីថ្លែងថា សិល្បករ សិល្បការិនីខ្មែរជាច្រើនរាប់មិនអស់នៅគ្រប់ជំនាន់ បានបូជាកម្លាំងកាយចិត្ត ស្មារតី ទេពកោសល្យ រហូតជីវិតរបស់ខ្លួន ដើម្បីថែរក្សាការពារកេរមរតកដូនតាគ្រប់ៗទម្រង់។ សម្ដេចបញ្ជាក់ថា សិល្បករ សិល្បការិនីខ្មែរ តាមរយៈស្នាដៃ និងទេពកោសល្យរបស់ខ្លួន បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក ដោយរួមទាំងការចែករំលែកបទពិសោធន៍ និងចំណេះដឹង នៃប្រវត្តិសាស្ត្រជាតិកម្ពុជា ទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកាតាលីករនៃការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការគោរពគ្នា ទៅវិញទៅមកផងដែរ។
ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់សិល្បករ សិល្បការិនី គ្រប់ទម្រង់ចូលរួមចងក្រងជាសមាគម ឬចូលជាសមាជិក សមាគមសិល្បៈ ដើម្បីប្រសិទ្ធភាពនៃការធ្វើការរួមគ្នាក្នុងភាពជាបងប្អូន ដោយចេះជួយគ្នាទៅវិញទៅមក ស្របតាមប្រពៃណីទំនៀមទម្លាប់របស់ដូនតាខ្មែរ។ សម្តេចធិបតីបញ្ជាក់ថា ក្នុងវិស័យសិល្បៈវប្បធម៌ សិល្បករ សិល្បការិនី គឺជាគំរូ ជាតួអង្គដែលមានឥទ្ធិពលទៅលើមជ្ឈដ្ឋានផ្សេង ជាពិសេសឧបករណ៍ផ្សព្វផ្សាយ តាមរយៈការសម្ដែងដោយផ្ទាល់ ឬមិនផ្ទាល់៕
អត្ថបទ៖ វ៉ន ដារ៉ា





