ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ម្លប់នៃសន្តិភាពរបស់កម្ពុជា បានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានរស់នៅដោយសប្បាយរីករាយជាពិសេសបានជួបជុំកម្សាន្តសប្បាយនាឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញ អញ្ជើញជាអធិបតីពិធីសំណេះសំណាល ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជានៅក្រៅប្រទេស កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំតុបតែង និងប្រចាំការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈដល់ការកម្សាន្តសប្បាយរបស់បងប្អូន អ៊ំពូមីង តាយាយ ព្រមទាំងបានញ៉ាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំនេះប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្ដីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទនភាពជាតិ។
សម្តេចធិបតី ក៏បានថ្លែងអំណរគុណសិល្បករ សិល្បការិនី និងភ្ញៀវបរទេសទាំងអស់ ដែលបានចូលរួមលេងកម្សាន្តប្រកបដោយភាពរីករាយ ព្រមទាំង ថែរក្សាបានប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះផងដែរ។
សូមរម្លឹកថា ដោយសារកម្ពុជារក្សាបាននូវសុខសន្ដិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចេញលេងកម្សាន្តសប្បាយនៅតាមតំបន់ទេសចណ៍ និងតាមបណ្ដាខេត្តនានានៅទូទាំងប្រទេស ដែលកត្តានេះបានបង្ហាញយ៉ាងច្បាស់ពីកត្តាសុខសន្ដិភាពរបស់ប្រទេសកម្ពុជា៕
អត្ថបទ៖ វ៉ន ដារ៉ា




