ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យពលរដ្ឋទាំងអស់ចូលរួមថែរក្សា មរតកវប្បធម៌ខ្មែរ ដោយត្រូវចាត់ទុកថា វប្បធម៌សម្រាប់ទាំងអស់គ្នា ហើយទាំងអស់គ្នាសម្រាប់វប្បធម៌។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញ អញ្ជើញជាអធិបតីពិធីសំណេះសំណាល ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីថ្លែងថា បានថ្លែងថា ការរីកសាយភាពវប្បធម៌សិល្បៈបរទេស នឹងធ្វើឱ្យយុវជនពីមួយជំនាន់ទៅមួយជំនាន់យល់ច្រឡំ បើខ្វះការយល់ដឹង។ សម្តេចធិបតីបានលើកជាឧទាហរណ៍នៃថ្ងៃក្តីស្រឡាញ់១៤កុម្ភៈ មានយុវជនខ្មែរមួយចំនួនមិនទាន់យល់ ច្បាស់នៅឡើយ។ សម្តេចធិបតី ថ្លែងថា សាកលភាវូបនីយកម្មផ្នែកសិល្បៈអាចនឹងធ្វើឱ្យយុវជនខ្មែរមានភាពស្រពិចស្រពិលចំពោះវប្បធម៌បរទេស និងវប្បធម៌របស់ខ្លួន ដូច្នេះការអភិរក្ស និងអភិវឌ្ឍន៍ត្រូវដើរជាមួយគ្នា ហើយការអភិវឌ្ឍផ្នែកសិល្បៈ ត្រូវផ្សារភ្ជាប់នូវទម្រង់ដែលជាអត្តសញ្ញាណរបស់ខ្មែរ។
ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវធ្វើការណែនាំកែលម្អ ចំពោះកំហុសឆ្គងនានា ព្រមទាំង តម្រង់ទិស និងចង្អុលបង្ហាញពីឥរិយាបថដែលគួរប្រកាន់យក ដើម្បីភាពថ្លៃថ្នូរ និងបង្ការផលប៉ះពាល់ ជាយថាហេតុមកលើសិល្បៈវប្បធម៌ ប្រពៃណីជាតិ៕
អត្ថបទ៖ វ៉ន ដារ៉ា




