ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី បាននិយាយថា ប្រធានសេវាសន្តិសុខបេឡារុស បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានរារាំងការវាយប្រហារលើរដ្ឋធានីមីនស្ក៍ (Minsk) ដោយយានដ្រូនដែលបាញ់ចេញពីប្រទេសលីទុយអានី។
ពុំមានការអត្ថាធិប្បាយភ្លាមៗពីប្រទេសលីទុយអានី ដែលជាសមាជិកណាតូនោះទេ។
ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីប្រធានសន្តិសុខបេឡារុស លោក Ivan Tertel ថា៖« ក្នុងកិច្ចសហការជាមួយក្រុមដៃគូមកពីភ្នាក់ងារអនុវត្តច្បាប់ផ្សេងៗទៀត គណៈកម្មាធិការសន្តិសុខរដ្ឋ កាលពីពេលថ្មីៗនេះ បានអនុវត្តវិធានការសន្តិសុខដ៏ស្រួចស្រាល់មួយចំនួន ដែលធ្វើឲ្យមានសមត្ថភាព ដើម្បីរារាំង ការវាយប្រហារដោយយានដ្រូនប្រយុទ្ធពីទឹកដីនៃប្រទេសលីទុយអានី ទៅលើទ្រព្យសម្បត្តិ ក្នុងទីក្រុងមីនស្ក៍ និងជាយក្រុងរបស់ខ្លួន។
ពុំទាន់មានការបញ្ជាក់ថាតើលោកបានផ្តល់ភ័ស្តុតាងណាមួយ ដើម្បីគាំទ្រការអះអាងនោះទេ។
ប្រទេសបេឡារុស គឺជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ហើយបានអនុញ្ញាតឲ្យទីក្រុងមូស្គូ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបើកការលុកលុយចូលអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។