អ្នកបោះឆ្នោតឥណ្ឌាកំពុងទប់ទល់នឹងលក្ខខណ្ឌកម្ដៅដ៏ក្តៅ ដើម្បីចូលរួមក្នុងការបោះឆ្នោតដ៏ធំបំផុតរបស់ពិភពលោក ខណៈរលកកម្ដៅខ្លាំងបានវាយប្រហារផ្នែកខ្លះនៃប្រទេសនេះ ហើយក្រុមអាជ្ញាធរ បានព្យាករណ៍ថារដូវក្តៅឆ្នាំនេះ មានសីតុណ្ហភាពក្ដៅជាងធម្មតាសម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ។
ក្រសួងឧតុនិយមឥណ្ឌា (IMD) បាននិយាយថា រលកកម្ដៅនឹងប៉ះពាល់ដល់ផ្នែកខ្លះនៃភាគខាងត្បូង និងខាងកើតប្រទេសឥណ្ឌា រហូតដល់ចុងសប្តាហ៍នេះ រួមទាំងរដ្ឋចំនួនបួនដែលកំពុងបោះឆ្នោតនៅថ្ងៃសុក្រសប្ដាហ៍នេះ។
ផ្នែកខ្លះនៃរដ្ឋ វ៉េស ប៊ែង ហ្គាល់ (West Bengal) ប៊ីហា ( Bihar) ឧតារប្រទេស( Uttar Pradesh)និង រដ្ឋ កាណាតាកា (Karnataka) ស្ថិតក្នុងចំណោមរដ្ឋចំនួន១៣ និងដែនដីសហភាពដែលកំពុងបោះឆ្នោតនៅក្នុងដំណាក់កាលទីពីរនៃការបោះឆ្នោតដ៏ធំរបស់ប្រទេសឥណ្ឌា ខណៈសីតុណ្ហភាពត្រូវបានព្យាករណ៍ថា នឹងហក់ឡើងលើសពី ៤០ អង្សាសេ នៅក្នុងតំបន់មួយចំនួន។
ក្រសួងឧតុនិយមឥណ្ឌាដែលបានព្រមានកាលពីខែមុនថាប្រទេសឥណ្ឌាទំនងជានឹងមើលឃើញរលកកម្ដៅខ្លាំង និងយូរជាងនៅឆ្នាំនេះ សីតុណ្ហភាពឡើងខ្ពស់ខុសពីធម្មតា កាលពីថ្ងៃព្រហស្បតិ៍ទី២៥មេសា សប្ដាហ៍នេះ ទីក្រុង បារីផាដា (Baripada) នៅរដ្ឋ អូឌីសា (Odisha) ភាគខាងកើតសីតុណ្ហភាពបានហក់ឡើងដល់៤៣,៦អង្សាស ហើយទីក្រុងកាំម៉ាម (Khammam) របស់រដ្ឋ តេឡានហ្កាណា (Telangana) នៅភាគខាងត្បូងបានឡើងដល់ ៤៣,៤ អង្សាសេ ។
យោងតាមក្រសួងដដែលបានឱ្យដឹងថា សីតុណ្ហភាពកើនឡើងលើសពី ៤១អង្សាសេ បានព្យាករណ៍ជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី ១ ខែឧសភា នៅក្នុងស្រុកបានកា(Banka)។ការហក់ឡើងខ្ពស់នៃសីតុណ្ហភាព នេះនាំឲ្យមានក្ដីបារម្ភកាន់តែខ្លាំងចំពោះការបោះឆ្នោត ខណៈយុទ្ធនាការនានាធ្វើឡើងដោយការប្រមូលផ្ដុំគ្នារបស់ក្រុមអ្នកនយោបាយនៅខាងក្រៅបានទាក់ទាញមនុស្សរាប់ម៉ឺននាក់ ក្រោមកម្ដៅថ្ងៃដ៏ក្ដៅ ជាក់ស្ដែង កាលពីថ្ងៃពុធ អ្នកតំណាងរាស្ត្រម្នាក់បានដួលសន្លប់ដោយសារកម្ដៅថ្ងៃនៅរដ្ឋមហារាស្ត្រ(Maharashtra state) ភាគខាងលិច៕