ភ្នំពេញ ៖ ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញបា្រប់BTV ព័ត៌មាននាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះថា ក្រុមការងារគ្រូពេទ្យប្រមាណ៤០០នាក់របស់មនី្ទរសុខាភិបាលរាជធានីភ្នំពេញ នឹងចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ជូនកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ដោយអនុវត្តនូវយុទ្ធសាស្រ្តផ្ការីក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។
ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានឲ្យដឹងទៀតថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ រហូតដល់១៧ឆ្នាំនេះ គឺមានថ្នាក់ជាតិ និងថ្នាក់មន្ទីរ។ ដោយឡែកថ្នាក់ជាតិ គឺរៀបចំចាត់ចែងចាក់វ៉ាក់សាំងកូវីដ-១៩ នៅមនី្ទរពេទ្យរដ្ឋថ្នាក់ជាតិទាំងអស់។ និយាយដោយឡែកថ្នាក់មនី្ទរសុខាភិបាលរាជធានីភ្នំពេញ មានចំនួន៣៩ទីតាំង គឺមាន៧មនី្ទរពេទ្យបង្អែក និង៣២មណ្ឌលសុខភាព និងក្រុមការងារគ្រូពេទ្យចំនួនសរុបប្រមាណ៤០០នាក់ ត្រៀមទទួលចាក់វ៉ាក់សាំងកូវីដ-១៩ជូនកុមារ និងយុវវ័យ ក្នុងនោះសម្រាប់មនី្ទរពេទ្យបង្អែក ក៏បែងចែកក្រុមការងារគ្រូពេទ្យជា២ក្រុម។
ដូច្នេះក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារខាងលើចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ ក៏តម្រូវឲ្យមាតា បិតា អាណាព្យាបាល យកឯកសារមកជាមួយពេលមកចាក់វ៉ាក់សាំងកូវីដ-១៩ផងដែរ។
ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានបញ្ជាក់ទៀតថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដល់កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ខាងមុខនេះ សូមអំពាវនាវដល់មាតា បិតា ឬអាណាព្យាបាល ត្រូវអនុវត្តន៍វិធានការសុខាភិបាល ពាក់ម៉ាស់ រក្សាគម្លាតសុវតិ្ថភាពចាប់ពី១,៥ម៉ែត្រឡើង លាងដៃញឹកញាប់ ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ នៅតាមទីតាំងចាក់វ៉ាក់សាំង៕
អត្ថបទ រដ្ឋា


