ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ី លោក Prabowo Subianto ទំនងជាទទួលបានការគាំទ្រភាគច្រើនលើសលប់នៅក្នុងសភា បន្ទាប់ពីគណបក្សចំនួន២ បានបង្ហាញសញ្ញាចូលរួមជាមួយរដ្ឋាភិបាលចម្រុះថ្មីរបស់លោក។
គណបក្សទាំង ២នោះ គឺគណបក្សប្រជាធិបតេយ្យជាតិ (Nasdem) និងគណបក្សភ្ញាក់រលឹកជាតិ (PKB) ដែលពីមុនបានគាំទ្រគូប្រជែងរបស់លោក Prabowo គឺលោក Anie Baswedan និងមិត្តរួមតំណែងរបស់លោក គឺលោក Muhaimin Iskandar សម្រាប់ការបោះឆ្នោតប្រធានាធិបតីកាលពីខែកុម្ភៈ។
ប្រធាននៃគណបក្សទាំង២ គឺលោក Surya Paloh របស់គណបក្ស Nasdem និងលោក Muhaimin របស់គណបក្ស PKB បានជួបជាមួយលោក Prabowo ក្នុងរង្វង់ប៉ុន្មានថ្ងៃបន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតសកល (KPU) កាលពីថ្ងៃពុធ (ទី២៤ ខែមេសា) បានប្រកាសជាផ្លូវការថា លោក Prabowo និងមិត្តរួមតំណែងរបស់លោក គឺលោក Gibran Rakabuming Raka ជាអ្នកឈ្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។
ការបញ្ជាក់ជាផ្លូវការរបស់ KPU បានធ្វើឡើងបន្ទាប់ពីការសម្រេចរបស់តុលាការធម្មនុញ្ញ កាលពីថ្ងៃចន្ទដើមសប្ដាហ៍ បដិសេធបណ្ដឹងជំទាស់នឹងការបោះឆ្នោតពីសំណាក់បេក្ខជនប្រជែងតំណែងប្រធានាធិបតី ២រូបផ្សេងទៀត គឺលោក Anies និងលោក Ganjar Pranowo។
ប្រសិនបើគណបក្សទាំង២ គឺ Nasdem និង PKB ចូលជាសមាជិករដ្ឋាភិបាលចម្រុះថ្មីរបស់លោក Prabowo ជាផ្លូវការ នៅក្នុងខែតុលានោះ រូបលោកអាចនឹងទទួលបានការគាំទ្រពីគណបក្សចំនួន៦ ក្នុងចំណោមគណបក្សទាំង៨ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់សំឡេងភាគច្រើនលើសលប់នៅសភា៕