ភ្នំពេញ ៖ ក្នុងជំនួបការងារនៅស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី ស៊ាវយាន ឈាន (Xiaoyan Qian) នាយិកានៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា ឡាវ និងថៃ បានសរសើរថា វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃរាជរដ្ឋាភិបាលកម្ពុជា មានវឌ្ឍនភាពលឿនជាងបណ្តាប្រទេសក្នុងតំបន់មួយចំនួន។
ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៦ មេសា ឆ្នាំ២០២៤នេះ បានសសេរក្នុងបណ្តាញសង្គមថា នាឱកាសនៃជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានថ្លែងអំណរគុណដល់លោកស្រី ចំពោះការវាយតម្លៃនិងការកោតសរសើរ ហើយក៏បានថ្លែងអំណរគុណដល់អង្គការ ILO ដែលបានផ្តល់កិច្ចសហការដើម្បីវឌ្ឍនភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈគម្រោង ការបណ្តុះបណ្តាលមន្ត្រីជំនាញលើជំនាញទន់ដើម្បីបង្កើនផលិតភាពការងារ គម្រោងការងារសមរម្យសម្រាប់យុវជន គម្រោងទីផ្សារការងារសកម្ម និងគម្រោងនៃការកសាងសមត្ថភាពស្ថាប័នចំពោះបេឡាជាតិសន្តិសុខសង្គមជាដើម។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួងដែលជាគន្លឹះដើម្បីធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត ដែលនេះជាចំណុចដ៏សំខាន់មួយក្នុងគោលបំណងធានាពីទំនាក់ទំនងវិជ្ជាជីវៈ សិទ្ធិសេរីភាព ផលិតភាព និងសុខមាលភាព រួមទាំងបរិយាកាសល្អសម្រាប់វិនិយោគិនផងដែរ។ ក្នុងនោះឯកឧត្តម ក៏បានពន្យល់លំអិតពីកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥លាននាក់ ដែលជាយុទ្ធសាស្ត្រដ៏មុតស្រួចដើម្បីផ្លាស់ប្តូរកម្លាំងអតិពលកម្មក្នុងទីផ្សារការងារឱ្យកម្ពុជាប្រែក្លាយជាសេដ្ឋកិច្ចដែលពឹងផ្អែកលើជំនាញ។
ក្រសួងការងារ បានបញ្ជាក់ថា ភាគីទាំងពីរ ក៏បានឯកភាពគ្នាក្នុងការបន្តគាំទ្រទៅវិញទៅមកដើម្បីឱ្យគម្រោងដែលភាគីទាំងពីរបានកំពុងសហការឱ្យកាន់តែរលូនជាបន្តទៀតដើម្បីវិបុលភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
អត្ថបទ ៖ ឈិត បូរ៉ាវី








