ភ្នំពេញ ៖ គម្រោងសហភាពអឺរ៉ុប តាមរយៈកម្មវិធី SWITCH Asia និងរដ្ឋាភិបាលនៃសាធារណរដ្ឋឆេក តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ឆេក នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានបើកសិក្ខាសាលា បិទបញ្ចប់គម្រោង “ផ្លាស់ប្ដូរទៅថាមពលពន្លឺព្រះអាទិត្យ” ដែលប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក អាឡិចសាន់ដ្រូ ប្រធានកម្មវិធីនៃអង្គការ ភីន នៅក្នុងអង្គសិក្ខាសាលានេះ បានឲ្យដឹងថា គម្រោង SWITCH to Solar ដែលមានគោលបំណងលើកកម្ពស់ការផ្លាស់ប្តូររបស់កម្ពុជាទៅកាន់បច្ចេកវិទ្យាថាមពលស្អាតនៅក្នុងវិស័យកសិកម្ម ជលផល បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីរយៈពេល ៤ឆ្នាំនៃការអនុវត្តប្រកបដោយប្រសិទ្ធភាព។ គម្រោងនេះ ផ្តោតលើការលើកកម្ពស់គំរូនៃការប្រើប្រាស់ប្រកបដោយនិរន្តរភាពក្នុងវិស័យកសិកម្ម និងនេសាទ បានបោះជំហានយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តសហគ្រាសធុនតូច តូច និងមធ្យម (MSMEs) ឱ្យទទួលយកដំណោះស្រាយថាមពលព្រះអាទិត្យ។
លោក Koen Everaert ប្រតិភូសហភាពអឺរ៉ុប បានបញ្ជាក់ថា គម្រោងនេះ គឺដើម្បីលើកទឹកចិត្តឱ្យប្រើប្រាស់យ៉ាងទូលំទូលាយនូវដំណោះស្រាយថាមពលព្រះអាទិត្យ តាមរយៈការអប់រំ យុទ្ធនាការផ្សព្វផ្សាយ កន្លែងធ្វើបង្ហាញ់បច្ចេកវិទ្យា និងជម្រើសហិរញ្ញប្បទាន។ លើសពីនេះទៀត នឹងលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តការប្រើប្រាស់ប្រកបដោយនិរន្តរភាព ការពិភាក្សាអំពីគោលនយោបាយ និងការចូលរួមពីភាគីពាក់ព័ន្ធក្នុងការអនុវត្តការអនុវត្តថាមពលស្អាត។
នៅក្នុងពិធីបើកសិក្ខាសាលានាឱកាសនោះ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ជូនអង្គពិធីថា ពាក់ព័ន្ធការជំរុញឲ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សម្រាប់វិស័យកសិកម្មនៅតែផ្តោតទៅលើការបង្កើនផលិតភាព ការធ្វើពិព្រឹត្តកម្ម ការធ្វើពាណិជ្ជកម្ម ក៏បានផ្តោតទៅលើការធ្វើឲ្យមានភាពធនជាមួយការប្រែប្រួលអាកាសធាតុ រួមជាមួយនឹងការប្រឹងប្រែងថែរក្សាធនធានធម្មជាតិ ជាពិសេសដី ព្រៃ និងទឹករបស់កម្ពុជាសម្រាប់ជំនាន់នេះ និងមនុស្សជំនាន់ក្រោយ។
ឯកឧត្តមបានអំពាវនាវក្នុអង្គពិធីថា ជួយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ជាពិសេសនៅពេលយប់ប្រើប្រាស់ថាមពលអគ្គិសនីចាប់ពីម៉ោង៩ល្ងាច ដល់ម៉ោង៧ព្រឹក ដែលមានតម្លៃអនុគ្រោះ និងជួយណែនាំពួកគាត់ទៀតថា ឲ្យដាក់កុងទ័រដែលប្រើថាមពលដែលយកតម្លៃធម្មតា ប៉ុន្តែមានកុងទ័រមួយទៀតដែលប្រើប្រាស់ថាមពលអនុគ្រោះថ្លៃ។
យោងតាមសេចក្តីប្រកាសព័ត៌មានក្រោយចប់សិក្ខាសាលានេះ បានឲ្យដឹងថា តាមរយៈគម្រោងផ្លាស់ប្តូរទៅថាមពលពន្លឺព្រះអាទិត្យ ដែលចាប់ផ្តើមនៅក្នុងខែឧសភា ឆ្នាំ២០២០ រហូតមដល់ពេលនេះ ជាលទ្ធផលនៃកម្មភាពទាំងនេះ ការថយចុះគួរឲ្យចាប់អារម្មណ៍នៃការបំភាយឧស្ម័ន CO2 ចំនួនជាង ៦ពាន់តោន។ គោលដៅរួមរបស់គម្រោងនេះ គឺជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងរួមបញ្ចូលដោយការលើកកម្ពស់ការទទួលយកថាមពលពន្លឺព្រះអាទិត្យក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម ដោយកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ពួកគេ និងបង្កើតឱកាសការងារបៃតងនៅកម្ពុជា៕
អត្ថបទ ៖ ឈិត បូរ៉ាវី






