បាល់ទាត់៖ លោក ហង់ សុបាលីយ៉ា អ្នកចាត់ការទូទៅក្រុមសូហ្វីយ៉ាប៉ៃលិន បានបញ្ជាក់ហេតុផលសំខាន់ ២ ដែលបង្ខំឲ្យក្រុមលោកត្រូវដកខ្លួនទាំងអាល័យ ពីការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តលើកទី១៥ ឆ្នាំ២០២១ ដែលគ្រោងដំណើរការប្រកួតឡើងវិញនាថ្ងៃទី០៣ ខែសីហាសប្ដាហ៍ក្រោយ។
អ្នកចាត់ការទូទៅ និងជាស្ថាបនិកក្រុមសូហ្វីយ៉ាប៉ៃលិនដដែលបានបញ្ជាក់ថា ហេតុផលធំបំផុតគឺដោយសារកូវីដ-១៩ ដែលធ្វើឲ្យក្រុមត្រូវរំសាយមិនអាចប្រមូលផ្ដុំហ្វឹកហាត់បាន ហើយទី២ គឺក្រុមខ្វះខាតកីឡាករ ហើយការស្នើសុំផ្លាស់ប្ដូរកីឡាករមកគណៈកម្មការរៀបចំការប្រកួត តែពុំត្រូវបានអនុញ្ញាត។ ដូច្នេះលោកមានតែបង្ខំចិត្តដកខ្លួន ដ្បិតរូបលោកផ្ទាល់ចង់បន្ដការប្រកួតខ្លាំងណាស់។
គួរដឹងថា មុនផ្អាកការប្រកួតដោយសារវិបត្តិកូវីដ-១៩ បេក្ខភាពពូល B នៃវគ្គជម្រុះក្នុងពូលសូហ្វីយ៉ាប៉ៃ គឺជាក្រុមខ្លាំងមួយដោយកំពុងឈរកំពូលតារាងបណ្ដោះអាសន្ន បន្ទាប់ពីឆ្លងកាត់ ៦ប្រកួតឈ្នះ៣ ស្មើ២ និងចាញ់១ រកបាន ១១ពិន្ទុ ហើយជាក្រុមមានអាទិភាពខ្ពស់នឹងបានឡើងវគ្គបន្ដ។ ប៉ុន្ដែក្រោយការដកខ្លួននេះបានធ្វើឲ្យបេក្ខភាពពូល B នៅសល់តែ ២ក្រុមប៉ុណ្ណោះ ដែលត្រូវបន្ដការប្រកួត រួមមានខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង៕
អត្ថបទ៖ លី ឈុនឡា