បាល់ទាត់៖ ក្រុមម្ចាស់មេដាយមាសអូឡាំពិកទីក្រុង Rio ឆ្នាំ២០១៦ ប្រេស៊ីលបានឈានឡើងវគ្គ ៨ក្រុមចុងក្រោយនៅអូឡាំពិកទីក្រុងតូក្យូហើយ ក្រោយយកឈ្នះអារ៉ាប៊ីសាអ៊ូឌីត ៣-១ ប្រកួតចុងក្រោយក្នុងពូល D។

បន្ទាប់ពីការនាំមុខមុនដោយ Matheus Cunha ប្រេស៊ីល ក៏ត្រូវបានអារ៉ាប៊ីសាអ៊ូឌីតតាមស្មើវិញដោយខ្សែការពារ Abdulelah Al-Amri។ ខ្សែប្រយុទ្ធ Everton, Richarlison ដែលស៊ុត ៣គ្រាប់ម្នាក់ឯងនៅប្រកួតដំបូងនោះក៏រកបាន ២គ្រាប់ម្នាក់ឯងនៅចុងម៉ោងជួយឱ្យប្រេស៊ីលយកឈ្នះអារ៉ាប៊ីសាអ៊ូឌីតឈរលេខ១ ក្នុងពូល ខណៈកូឌីវ័រទប់ស្មើអាល្លឺម៉ង់ ១-១ ដើម្បីបញ្ចប់លេខ២ ក្នុងពូល។ អាល្លឺម៉ង់ត្រូវការឈ្នះដាច់ខាតដើម្បីកៅអីវគ្គបន្ត តែម្ចាស់មេដាយប្រាក់មួយនេះធ្វើអ្វីកូឌីវ័រមិនបានឡើយ។ ងាកមកការប្រកួតពូល B វិញ ៤ក្រុមឈានដល់មកការប្រកួតចុងក្រោយក្នុងពូលដោយមាន ៣ពិន្ទុដូចគ្នា។

ក្រុមកូរ៉េខាងត្បូបានបំបាក់ក្រុមហុងឌុយរ៉ាស ៦-០ ដើម្បីតំណែងលេខ១ ក្នុងពូល ស្របពេលដែលរ៉ូម៉ានីស្មើគ្នា ០-០ ជាមួយនឹងនូវែហ្ស៊ីឡង់ ធ្វើឱ្យក្រុមមកពីតំបន់អូសេអានីនូវែហ្ស៊ីឡង់បញ្ចប់លេខ២ ក្នុងពូលឡើងវគ្គ ៨ក្រុមចុងក្រោយដោយមាន ៤ពិន្ទុស្មើគ្នាជាមួយរ៉ូម៉ានី តែរ៉ូម៉ានីមានគ្រាប់បាល់បញ្ចូលទីតិចជាង ៣គ្រាប់។ ចំណែកការប្រកួតនៅក្នុងពូល A របស់ម្ចាស់ផ្ទះជប៉ុនវិញ ជប៉ុនបានយកឈ្នះបារាំង ៤-0 នៅកីឡដ្ឋាន Yokohama ដែលរួមមានគ្រាប់បាល់របស់ Hiroki Sakai, Takefusa Kubo, Koki Miyoshi និង Daizen Maeda។ ជ័យជំនះនេះធ្វើឱ្យជប៉ុនលេង ៣ប្រកួតឈ្នះទាំង៣ មាន ៩ពិន្ទុពេញឈរលេខ១ ក្នុងពូលឡើងវគ្គ ៨ក្រុមចុងក្រោយជាមួយនឹងម៉ិកស៊ិកដែលបានយកឈ្នះអាហ្វ្រិកខាងត្បូង ៣-០។
ចុងក្រោយគេនេះគឺពូល C អេស្ប៉ាញ និងអាហ្សង់ទីនបញ្ចប់ទៅដោយស្មើគ្នា ១-១ ធ្វើឱ្យអេស្ប៉ាញឈានឡើងវគ្គបន្តក្រោយឈរលើ់គេក្នុងពូលមាន ៥ពិន្ទុ តែអាហ្សង់ទីនហាលអាវទោះមាន ៤ពិន្ទុស្មើគ្នាជាមួយអេហ្ស៊ីបក៏ដោយ ពោលគឺអេហ្ស៊ីបជាក្រុមលេខ២ ក្នុងពូលក្រោយយកឈ្នះអូស្ត្រាលី ២-០ មានគ្រាប់ចំណេញច្រើនជាងអាហ្សង់ទីន ២គ្រាប់។ វគ្គ ៨ក្រុមចុងក្រោយរួមមាន៖ ជប៉ុនជួបនូវែហ្ស៊ីឡង់, អេស្ប៉ាញជួបកូឌីវ័រ, កូរ៉េខាងត្បូងជួបម៉ិកស៊ិក និងប្រេស៊ីលជួបអេហ្ស៊ីប ដោយការប្រកួតទាំងអស់នឹងធ្វើនៅថ្ងៃទី៣១ ខែកក្កដានេះ៕
អត្ថបទ៖នាង សុភាវុធ