ប្រជាជនរាប់លាននាក់នៅទូទាំងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍បន្តរងផលប៉ះពាល់ពីកម្ដៅ ខណៈអាកាសធាតុនៅតែបន្តក្តៅខ្លាំងកាលពីថ្ងៃសុក្រ (២៦ មេសា) ទូទាំងតំបន់នេះ។ កម្ដៅដ៏ក្ដៅគគុកនេះបានបង្ខំឱ្យសាលារៀនទូទាំងប្រទេសបង់ក្លាដែស និងហ្វីលីពីន ផ្អាកការរៀនផ្ទាល់ក្នុងថ្នាក់នៅសប្តាហ៍នេះ ហើយបានជំរុញឱ្យរដ្ឋាភិបាលចេញការព្រមានអំពីសីតុណ្ហភាពខ្ពស់ខ្លាំងដ៏គ្រោះថ្នាក់។

ប្រទេសថៃ កាលពីនៅថ្ងៃព្រហស្បតិ៍ បានចេញការព្រមានថ្មីបន្ទាប់ពីសន្ទស្សន៍កម្ដៅក្នុងទីក្រុងបាងកកឡើងដល់ ៥២ អង្សាសេ។ រដ្ឋាភិបាលថៃបាននិយាយថា ជំងឺសុរិយរោគ ឬរោគថប់ដង្ហើមសន្លប់ដោយសារកម្ដៅ បានសម្លាប់មនុស្សយ៉ាងតិច ៣០ នាក់រួចទៅហើយនៅឆ្នាំនេះ។ ការស្រាវជ្រាវវិទ្យាសាស្ត្រយ៉ាងទូលំទូលាយបានរកឃើញថា បម្រែបម្រួលអាកាសធាតុធ្វើឱ្យរលកកម្ដៅកាន់តែយូរ ញឹកញាប់ និងកាន់តែខ្លាំងក្លាជាងពេលមុនៗ។

អង្គការសហប្រជាជាតិបាននិយាយនៅសប្តាហ៍នេះថា អាស៊ីគឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយអាកាសធាតុ និងគ្រោះមហន្តរាយអាកាសធាតុក្នុងឆ្នាំ២០២៣ ជាមួយនឹងទឹកជំនន់ និងព្យុះដែលជាមូលហេតុចម្បងនៃការស្លាប់ និងការខាតបង់ផ្នែកសេដ្ឋកិច្ច។
ខែមីនា មេសា និងឧសភា ជាធម្មតាគឺជាខែក្តៅបំផុត និងស្ងួតបំផុតក្នុងបណ្ដាប្រទេសភាគច្រើននៅអាស៊ី ប៉ុន្តែលក្ខខណ្ឌនៅឆ្នាំនេះមានសភាពធ្ងន់ធ្ងរខ្លាំងដោយសារបាតុភូតអាកាសធាតុ អ៊ែលនីញ៉ូ (El Nino)៕
