អង្គការសម្អាតទន្លេ សមុទ្រ (Ocean River) សហការជាមួយរដ្ឋបាលខេត្តកណ្ដាល នៅល្ងាច ថ្ងៃទី២៦ខែមេសា ឆ្នាំ២០២៤ បានរៀបចំប្រារព្ធ “ទិវារអំពើល្អ” លើកទី៥ សំដៅដល់ការជម្រុញលើកទឹកចិត្តប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេចតុមុខ ចូលរួមស្រលាញ់បរិស្ថាន ដោយវេចខ្ចប់ និងទុកសំរាមឱ្យបានត្រឹមត្រូវ។ ពិធីនេះរៀបចំនៅសួនច្បារទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមលោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសម្អាតទន្លេ សមុទ្រ បានប្រាប់BTVឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជា ទិវាអំពើល្អបានចាប់ផ្តើមនៅដើមឆ្នាំ២០២០ អំឡុងពេលជំងឺកូវីដ-១៩ កំពុងរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេស និងពិភពលោក។
បន្ទាប់មកក្រុមយុវជនស្ម័គ្រចិត្តរបស់អង្គការសម្អាតទន្លេ សមុទ្រ បានគៀង គរថវិកា ឧបភោគបរិភោគពីសប្បុរសជនក្នុង និងក្រៅប្រទេស ហើយបានចុះចែកអាហារ ភេជ្ជៈជូនដល់ជនក្រីក្រមួយចំនួន ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃក្នុងគ្រាដ៏លំបាកនោះ។ ចាប់តាំងពីពេលនោះមក អង្គការសម្អាតទន្លេ សមុទ្រ បានក្លាយជាសមាជិករបស់ Good Deeds Day Global ហើយបានរៀបចំកម្មវិធីជារៀងរាល់ឆ្នាំជាមួយពិភពលោកចាប់តាំងពីពេលនោះមក។
លោក បានបន្តទៀតថា ចាប់តំាងពីឆ្នាំ២០២០ មកដល់ខែមេសា ២០២៤ នេះ អង្គការសម្អាតទន្លេ សមុទ្រ ប្រមូលសំរាមបានចំនួន១៧៥០តោន ពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដែលនេះជាអំពើល្អសំរាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជម្រុញការទាក់ទាញភ្ញៀវទេសចរ និងការថែទាំធនធានធម្មជាតិនៅប្រទេសកម្ពុជា។ក្រៅពីនេះ លោកបានជំរុញដល់ប្រជាពលរដ្ឋចូលរួមធ្វើអំពើល្អ ដែលនាំមកនូវសេចក្តីសុខ។
យុវជនបានឱ្យដឹងដែរថា កន្លងទៅពួកគេតែងតែបានធ្វើអំពើល្អដូចជាការផ្តល់ទានដល់ចាស់ជរា និងសម្អាត អនាម័យ បរិស្ថានជាដើម។ លើសពីនេះ យុវជនបានបង្ហាញអារម្មណ៍រីករាយដែលចូលរួមក្នុងទិវាអំពើល្អ។
គួរបញ្ជាក់ថា អំពើល្អជាទង្វើងាយៗ ទាំងឡាយណាដែលផ្តល់នូវផលវិជ្ជមានតិច ឫច្រើន សម្រាប់ការរស់នៅរបស់មនុស្ស សត្វ និង និរន្តរភាពរបស់ធនធានធម្មជាតិ។ អំពើល្អ ចាប់ផ្តើមពីបុគ្គលម្នាក់ ពីការគិតល្អ និយាយល្អ និងការប្រព្រឹត្តអំពើល្អ នោះលទ្ធផលនឹងទទួលបានជាវិជ្ជមាន៕ អត្ថបទ៖ទូច សោភ័ណ






