ភ្នំពេញ៖ សមាគមពាណិជ្ជកម្មអន្តរជាតិចិន ប្រចាំនៅកម្ពុជា បានអបអរសាទរចំណងមិត្តភាពរវាងកម្ពុជា និងចិន ដែលបានពង្រីកពីមួយកម្រិតទៅមួយកម្រិត ហើយសមាគមក៏បានសន្យាបន្តធ្វើជាស្ពាន ក្នុងការតភ្ជាប់ និងជំរុញនូវទំហំពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ ឲ្យកាន់តែមានទំហំធំបន្ថែមទៀត ក្នុងនោះមានវិស័យសំណង់ជាដើម ។
ក្នុងជំនួបសម្ដែងការគួរសមពិភាក្សាការងារជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ប្រធានសមាគមអន្តរជាតិចិនប្រចាំកម្ពុជា បានលើកឡើងថា កាលពីថ្ងៃទី២៥ ខែមេសា សមាគមបានរៀបចំនូវវេទិកាធុរកិច្ច ក្នុងការផ្លាស់ប្ដូរនៃប្រជាជន នៃប្រទេសទាំងពីរ ដែលវេទិកានេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើន និងអាចជំរុញឲ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឆ្ពោះទៅកាន់កម្រិតមួយបន្ថែមទៀត ។
លោកប្រធានសមាគម បានបង្ហាញនូវក្តីសង្ឃឹម និងជឿជាក់ថា សមាគមអន្តរជាតិចិន ប្រចាំនៅកម្ពុជា នឹងក្លាយជាស្ពានមួយ ក្នុងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានសហការទៅរលូន ក្រោមយុទ្ធសាស្ត្រផ្លូវមួយក្រវាត់មួយ ក៏ដូចជាយុទ្ធសាស្ត្រសហការគ្រប់ជ្រុងជ្រោយរវាងជនជាតិចិន និងកម្ពុជា ខណៈដំណើរទស្សនកិច្ចនៅកម្ពុជានេះ ក៏បាននាំមកនូវអ្នកជំនាញផ្នែកស្រាវជ្រាវ និងអ្នកវិនិយោគលើវិស័យនគរូបនីយកម្ម និងសំណង់ មកស្វែងរកឱកាសវិនិយោគបន្ថែម នៅកម្ពុជាផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកផ្លូវមួយក្រវាត់ និងចិន គឺជាមិត្តភាគយ៉ាងជិតដិត ដែលជាអ្នកវិនិយោគទុនធំនៅកម្ពុជា ហើយឯកភាពនូវការលើកឡើងពីប្រធានសមាគម ដែលធ្វើជាស្ពានផ្សារភ្ជាប់ទំនាក់ទំងពាណិជ្ជកម្មកម្ពុជា-ចិន និងដើម្បីនាំមកនូវការវិនិយោគបន្ថែមទៀតពីវិនិយោគិនចិន ។
ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា ក្នុងពេលសមាគម ចង់ឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យជួយការងារវិនិយោគលើវិស័យសំណង់ គឺក្រសួងនឹងជួយក្នុងនោះរួមទាំងកិច្ចការរៀបចំដែនដី នគរូបនីយកម្ម ហើយក្រសួងក៏នៅតែត្រូវការបន្ថែមនូវអ្នកជំនាញពីខាងក្រៅ ជួយលើការងារនេះ ។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានប្រាប់ទៅភាគីចិនថា ពេលបច្ចុប្បន្នកម្ពុជា កំពុងខិតខំពន្លឿនការវាស់វែង និងចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដែលកំពុងដំណើរដោយរលូន និងឲ្យបានឆាប់ចប់ ដើម្បីជាប្រយោជន៍ដល់ការប្រើប្រាស់ផ្សេងៗ របស់ប្រជាពលរដ្ឋ និងដើម្បីទាក់ទាញអ្នកនិយោគពីក្រៅប្រទេស ជាពិសេសការបញ្ចប់នូវទំនាស់ដីធ្លី ៕អត្ថបទ បាន សុខរិទ្ធិ






