ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃសុក្រ (២៦ មេសា) បានប្រាប់ប្រមុខអ្នកការទូតសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) ថាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោកនេះ គួរតែជា «ដៃគូ មិនមែនជាគូប្រជែងទេ» ប៉ុន្តែថានៅតែមាន «បញ្ហាជាច្រើន» ដែលត្រូវដោះស្រាយនៅក្នុងទំនាក់ទំនងរបស់ពួកគេ។

លោក ប្លីងខិន ដែលទៅទស្សនកិច្ចនៅចិនជាលើកទីពីរក្នុងរយៈពេលតិចជាងមួយឆ្នាំ បានជួបប្រមុខអ្នកនយោបាយចិននៅក្នុងរដ្ឋធានីប៉េកាំង ជាទីដែលមន្ត្រីអាមេរិកបាននិយាយថា លោកនឹងលើកឡើងដោយផ្ទាល់នូវផ្នែកសំខាន់ៗនៃការខ្វែងគំនិតគ្នា រួមទាំងបញ្ហាប្រទេសរុស្ស៊ី កោះតៃវ៉ាន់ និងពាណិជ្ជកម្ម។

ជំនួបជាមួយលោក ប្លីងខិន នៅសាលប្រជុំរបស់សភាប្រជាជនទីក្រុងប៉េកាំង លោក ស៊ី បាននិយាយថា ប្រទេសទាំងពីរមាន «ការវិវឌ្ឍន៍វិជ្ជមានមួយចំនួន» ចាប់តាំងពីលោកបានជួបជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) កាលពីឆ្នាំមុន ហើយ «ប្រទេសទាំងពីរគួរតែជាដៃគូល្អនឹងគ្នា មិនមែនជាគូប្រជែងគ្នាឡើយ»។

នៅមុនជំនួបនោះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានព្រមានលោក ប្លីងខិន ថា សម្ពាធរបស់អាមេរិក អាចបង្កឱ្យមាន «ការធ្លាក់ចុះ» ផ្នែកទំនាក់ទំនង នៅពេលដែលអ្នកការទូតទស្សនកិច្ចរូបនោះបានលើកឡើងពីការព្រួយបារម្ភលើបញ្ហានានា រួមទាំងការគាំទ្ររបស់ចិន សម្រាប់រុស្ស៊ី។
ប្រទេសចិន បានខឹងសម្បារនឹងសម្ពាធរបស់លោក បៃដិន លើផ្នែកសេដ្ឋកិច្ច ដែលទំនងជាមិនធូរស្រាលឡើយក្នុងអំឡុងឆ្នាំបោះឆ្នោត រួមទាំងការហាមឃាត់យ៉ាងទូលំទូលាយលើការនាំចេញឧបករណ៍អេឡិចត្រូនិក និងការខិតខំប្រឹងប្រែងដណ្តើមយកកម្មវិធីវីដេអូខ្លី ទីកតុក (TikTok) ចេញពីក្រុមហ៊ុនមេ ដែលមូលដ្ឋាននៅចិនរបស់អេបនេះ៕