ទ្វីបអាមេរិក៖ អង្គការសុខភាពប្រចាំទ្វីបអាមេរិក (PAHO) បាននិយាយកាលពីថ្ងៃពុធថា ជំងឺ COVID-19 នៅតែបន្តបង្កមហន្តរាយនៅទ្វីបអាមេរិក ខណៈប្រទេសអាហ្សង់ទីន កូឡុំប៊ី គុយបា អេក្វាឌ័រ និងប៉ារ៉ាហ្គាយស្ថិតក្នុងចំណោមបណ្ដាប្រទេស ដែលមានអត្រាអ្នកស្លាប់ប្រចាំសប្ដាហ៍ខ្ពស់បំផុតនៅលើពិភពលោក។

លោកស្រី Carissa Etienne នាយកអង្គការសុខភាពប្រចាំទ្វីបអាមេរិក បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា ករណីឆ្លងជាច្រើនបានកើនឡើងទ្វេដងនៅក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេលមួយសប្ដាហ៍កន្លងមកនេះ ជាពិសេសក្នុងចំណោមមនុស្សដែលមិនបានចាក់វ៉ាក់សាំង។ លោកស្រីបាននិយាយថា ការឆ្លងវីរុសកូរ៉ូណាបម្លែងខ្លួនថ្មី Delta កាន់តែច្រើនត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន ២០ ក្នុងចំណោម ៣៥ប្រទេសនៅក្នុងទ្វីបអាមេរិក។ លោកស្រីថា ប្រទេសគុយបាកំពុងមើលឃើញអត្រាឆ្លងវីរុស COVID-19 ខ្ពស់ជាងគេ និងអត្រាមរណភាពខ្ពស់ជាងចំណុចផ្សេងទៀត នៃជំងឺរាតត្បាតសកលនៅទីនោះ។ លោកស្រីបន្ថែមថា អនីតិជនជាង ៧.០០០នាក់ និងស្ត្រីមានផ្ទៃពោះជិត ៤០០នាក់បានធ្វើតេស្តវិជ្ជមាននៅក្នុងប្រទេសនោះកាលពីសប្ដាហ៍មុន។
ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះមានករណីឆ្លងជំងឺ COVID-19 ចំនួន ១លាន ២៦ម៉ឺននាក់ ហើយមានអ្នកស្លាប់ជិត ២៩.០០០នាក់នៅក្នុងទ្វីបអាមេរិក។ ការឆ្លងវីរុសដ៏ខ្លាំងក្លាបំផុតត្រូវបានគេរាយការណ៍នៅក្នុងខេត្តមួយចំនួនរបស់ប្រទេសអាហ្សង់ទីន ដែលមានព្រំដែនជាប់ប្រទេសបូលីវី និងឈីលី និងនៅតំបន់អាម៉ាហ្សូនរបស់ប្រទេសកូឡុំប៊ី៕
អត្ថបទ៖ សុខមាន