កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ នាស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាព ពិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ខេត្ត ក្រុង ស្រុក ទាំង៨ ក្នុងខេត្តកំពង់ឆ្នាំងដោយ មានការចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ក្រុង ស្រុកទាំង៨ ចូលរួមផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា៖ សាមគ្គីភាព និងការសហការល្អរវាងក្រុមការងារគណបក្ស និងសមាជិក សមាជិកា គណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំងគ្រប់ជាន់ថ្នាក់ ត្រូវបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវស្របតាមគោលនយោបាយ និងអំពើល្អរបស់មន្ត្រីបក្ស គឺជាកត្តាសំខាន់ទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ និងជាកត្តាចម្បង នៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានាពេលកន្លងមក។ ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់ត្រូវបន្តប្រពៃណីដ៏ល្អប្រពៃនេះ និងរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព។ ជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជា ទទួលបាននៅរៀងរាល់ការបោះឆ្នោត គឺមិនមែនត្រឹមតែជាជោគជ័យនៅលើសន្លឹកឆ្នោតទេ ប៉ុន្តែ គឺជាជោគជ័យរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។
នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានកោតសរសើរចំពោះក្រុមការងារទាំងអស់ និងសមាជិក សមាជិកាគណបក្សប្រជាជានកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងថវិកា ដើម្បីបុព្វហេតុប្រជាជន និងត្រូវបន្តសហការស្អិតរមួតជាមួយគណៈកម្មាធិការបក្សខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ សាខាបក្សភូមិ ដើម្បីបន្តបម្រើប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង ឱ្យកាន់តែល្អប្រសើរបន្ថែមទៀតស្របតាមស្មារតីនៃមហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ៕ ដោយ ៖ កាំង ហុងវាស្នា













