លើកទម្ងន់៖ ម្ចាស់មេដាយមាសអូឡាំពិកទីក្រុងតូក្យូប្រភេទកីឡាលើកទម្ងន់ កីឡាការិនីហ្វីលីពីន Hidilyn Diaz បានត្រលប់មកដល់ប្រទេសកំណើតវិញនៅទីក្រុងម៉ានីលថ្ងៃពុធម្សិលមិញនេះ។ កីឡាការិនីដែលធ្លាប់បង្ហាញខ្លួននៅអូឡាំពិក ៤លើករូបនេះបានឈ្នះមេដាយមាសដំបូងបំផុតឱ្យហ្វីលីពីនក្នុងរយៈពេល ៩៧ឆ្នាំ។

កីឡាការិនី Hidilyn Diaz បានជំនះរហូតទទួលបានមេដាយមាស លើវិញ្ញាសាលើកទម្ងន់ផ្នែកនារីទម្ងន់ ៥៥គីឡូក្រាម ដែលជាមេដាយមាសអូឡាំពិកលើកដំបូងសំរាប់ហ្វីលីពីន។ Diaz ធ្វើបានល្អជាងកីឡាការិនីចិន Liao Qiuyun ក្នុងការលើកចុងក្រោយដែលមានទម្ងន់សរុប ២២៤គីឡូក្រាម។ Diaz នឹងត្រូវចំណាយពេល ៧ថ្ងៃនៅសណ្ឋាគាដើម្បីធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលរបស់ហ្វីលីពីន។ អាចនិយាយបានថា ជាវិរកីឡាការិនីរបស់ប្រជាជាតិហ្វីលីពីនទាំងមូល Hidilyn Diaz បាននឹងទទួលប្រាក់រង្វាន់ពីរដ្ឋាភិបាលហ្វីលីពីន ៣០លានប៉េសូស្មើនឹង ៦០ម៉ឺនដុល្លារអាមេរិក និងប្រាក់រង្វាន់ផ្សេងទៀតផងដែរសំរាប់ប្រតិកីឡាអូឡាំពិក។ លើសពីនេះទៅទៀត ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅហ្វីលីពីន ក៏បានប្រកាសផ្តល់ជូនលំនៅដ្ឋានជាលក្ខណៈខុនដូមួយដល់កីឡាការិនីវ័យ ៣០ឆ្នាំរូបនេះ៕
អត្ថបទ៖នាង សុភាវុធ