សម្តេចមហាបធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមកុំយកមតិពីសហជីពតែ២ឬ៣នាក់ មកនិយាយថា កម្ពុជាអត់សិទ្ធិសេរីភាព ត្រូវប្រមូលមតិពីសហជីពទាំងអស់នៅកម្ពុជា ពោលត្រូវមើលព្រៃទាំងមូលកុំមើលព្រៃតែ១ដើម ឬ២ដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុង បានថ្លែងបញ្ជាក់បែបនេះ ឱកាសអញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី ២៨ ខែមែសា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាលក៏បានបន្តខិតខំលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្រប តាមច្បាប់ស្តីពីការងារច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងលិខិតបទដ្ឋានការងារអន្តរជាតិនានា។ គិតត្រឹមខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ចិកាអង្គការវិជ្ជាជីវៈសរុបចំនួនជាង៦ពាន់៣រយ ក្នុងនោះ សហភាព សហជីពមានចំនួន ៤២ សហព័ន្ធសហជីពមានចំនួន ២៨០ សហជីពមូលដ្ឋានមានចំនួនជិត៦ពាន់ និងសមាគមនិយោជកមានចំនួន ១២។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការផ្សះផ្សាវិវាទការងារ ក៏ត្រូវបានដោះស្រាយ និងប្រព្រឹត្តទៅកាន់តែមាន ប្រសិទ្ធភាព និងមានភាពល្អប្រសើរជាងមុន ដោយសារភាពចាស់ទុំ នៃតួអង្គពាក់ព័ន្ធ និងការពង្រឹង យន្តការផ្សះផ្សាវិវាទការងារ"។ សម្តេចធិបតីក៏បង្ហាញការរីករាយចំពោះការដោះស្រាយវិវាទនានា ដោយក្នុងត្រីមាសទី១ នេះ អត្រាសះជានៃការផ្សះផ្សាវិវាទ ការងារនៅកម្រិតក្រសួង គឺបានកើនឡើងដល់ ៨៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៧៦% ប៉ុណ្ណោះ។
ក្នុងឱកាសនោះ សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តគាំទ្រដល់ដំណើរការរបស់ក្រុមប្រឹក្សា អាជ្ញាកណ្ដាល ដែលជាយន្តការត្រីភាគី និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីភាគីពាក់ព័ន្ធ កន្លងមក ដើម្បីឱ្យក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្លាយទៅជាស្ថាប័នមួយរឹងមាំ និងមានប្រភពមូលនិធិមួយពិតប្រាកដ តម្លាភាព និងអាចដំណើរការសកម្មភាពផ្សះផ្សា និងដោះស្រាយវិវាទការងារ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈកាន់តែខ្ពស់នៅកម្ពុជា រាជរដ្ឋាភិបាលក៏នឹងបន្តជំរុញឱ្យមានផែនការសកម្មភាពកាន់តែបុរេសកម្ម និងច្រើនថែមទៀតពាក់ព័ន្ធនឹងការលើកកម្ពស់សមត្ថភាព ទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈចំពោះសមាជិករបស់ខ្លួន និងការយល់ដឹងអំពី លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍នានារបស់ភាគីពាក់ព័ន្ធ ដើម្បីភាគីនីមួយៗ អាចបំពេញតួនាទីជាតំណាងសមាជិករបស់ខ្លួនបានកាន់តែល្អ និងមានវិជ្ជាជីវៈ ដោយឈរលើមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕


