បាត់ដំបង៖ ស្ថានភាពជំងឺកូវីដ១៩ នៅក្នុងខេត្តបាត់ដំបង កំពុងមានការឆ្លងរីករាលដាលខ្លាំង នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈអាជ្ញាធរខេត្ត បានលើកឡើងថា បញ្ហានេះបណ្ដាលមកពីមនុស្សមួយចំនួន អនុវត្តនូវវិធានការសុខាភិបាលនៅមានការខ្វះចន្លោះ ពិសេសករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។
បើតាមលោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា អត្រានៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងខេត្តបាត់ដំបង សម្រាប់ពលករទើបត្រឡប់មកពីថៃ មានចំនួនតិច ព្រោះការឆ្លងដែនតាមច្រកនានាជាប់ខេត្តមានការថយចុះ បើធៀបនឹងបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសថៃផ្សេងទៀត ។
លោកអភិបាលរង បានបន្តថា មួយវិញទៀត ចំពោះការឆ្លងរាលដាលខ្លាំង នៃជំងឺកូវីដ១៩ នៅរយៈពេលប៉ុន្មានថ្ងៃនេះ គឺមានពលរដ្ឋមួយចំនួន មិនអនុវត្តឲ្យបានត្រឹមត្រូវនូវវិធានការ ៣កុំ ៣ការពារ ខណៈមានសាច់ញាតិរបស់ពួកគាត់ មកពីតំបន់ប្រឈម មិនឲ្យធ្វើចត្តាឡីស័ក ឬនៅដាច់ដោយឡែក បែរជួបជុំគ្នាមិនរក្សាគម្លាតធ្វើសកម្មភាពផ្សេងៗ ។
លោក សឿម ប៊ុនរិទ្ធ បានបន្ថែមថា ដោយបញ្ហានេះ សូមទទូចដល់ពលរដ្ឋចូលរួមឲ្យបានគ្រប់គ្នា នូវការអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ទើបស្ថានភាពអាចធូរស្បើយបាន ។
មួយវិញទៀត ពាក់ព័ន្ធមានសាច់ញាតិមកពីតំបន់ប្រឈម គ្រួសារត្រូវផ្ដល់ព័ត៌មានដល់អាជ្ញាធរ ហើយមានការសង្ស័យ ត្រូវទៅជួបគ្រូពេទ្យធ្វើតេស្តរហ័ស ក៏ដូចជាត្រូវធ្វើចត្តាឡីស័ក ដោយមិនត្រូវទុកចិត្តគ្នាពេកនោះទេ ព្រោះកន្លងមកក៏បានរកឃើញករណីឆ្លងតាមរយៈបែបនេះដែរ ។
ចំពោះវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ អាជ្ញាធរខេត្តបាត់ដំបង កំពុងពន្លឿនការចាក់វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ ដល់ពលរដ្ឋនៅទូទាំងខេត្តបានជាង ២០ម៉ឺននាក់ លើផែនការប្រមាណ ៧០ម៉ឺននាក់ រួមទាំងអនុវត្តនូវវិធានការរឹតបន្តឹង ការធ្វើដំណើរឆ្លងចូលខេត្តបាត់ដំបង ពីរាជធានីភ្នំពេញ និងបណ្ដាខេត្តផ្សេងៗ ពិសេសពលករទើបត្រឡប់មកពីប្រទេសថៃ មានការពិនិត្យកម្ដៅ ការធ្វើតេស្តរហ័ស និងការដាក់ឲ្យធ្វើចត្តាឡីស័ក រួមទាំងមានការបិទខ្ទប់នូវផ្សារ ផ្ទះ ឬទីតាំងពាក់ព័ន្ធជំងឺកូវីដ១៩ផងដែរ ។
ចាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សម្រាប់បាត់ដំបង មានអ្នកឆ្លងជំងឺនេះចំនួន ២ ៩៤២នាក់ ព្យាបាលជាសះស្បើយចំនួន ១ ៧៥៣នាក់ ស្លាប់ចំនួន ៣៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១ ១៥៦នាក់ ។ ដោយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១២៥នាក់ ជាសះស្បើយចំនួន ១៣៩នាក់ និងស្លាប់ចំនួន ៣នាក់ ។
ខេត្តបាត់ដំបង ក៏ជាខេត្តមួយក្នុងចំណោម ខេត្តចំនួន៨ ដែលនឹងត្រូវអនុវត្តវិធានការបិទខ្ទប់រយៈពេល ១៤ថ្ងៃ ចាប់ពីវេលាម៉ោង ២៣ និង៥៩នាទី យប់ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ហើយរដ្ឋបាលខេត្ត នៅរសៀលថ្ងៃនេះ នឹងមានការបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីរៀបចំអនុវត្តនូវវិធានការនេះ ៕


