ផ្ទាំងគំនូរ និងអក្សរជាច្រើនផ្ទាំងដែលឆ្លុះបង្ហាញពីប្រពៃណីទំនៀបទម្លាប់វប្បធម៌អរិយធម៌កម្ពុជា និងចិនត្រូវបានរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជីវជាំងរបស់ចិនបានរៀបចំពិធីបើកពិព័រណ៍គំនូរកម្ពុជា-ចិន ដើម្បីអបអរ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន ២០២៤»។

ការបើកពិព័រណ៍គំនូរកម្ពុជា-ចិននេះត្រូវបានធ្វើឡើងក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ បណ្ឌិត្យសភាកម្ពុជា, លោក ហ៊ូស៊ឺចុង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនខេត្តជាំងស៉ី, លោក ឆិន ឆុន អគ្គទីប្រឹក្សាស្ថានទូតចិន ប្រចាំកម្ពុជា, លោកបណ្ឌិត ឆិន ស៊ាវលីន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជីវជាំង ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នទាំងពីរមួយនិងមហាជនចូលរួមជាច្រើននាក់កាលពីថ្ងៃម្សិលមិញនៅ ក្នុងរាជបណ្ឌិត្យសភាកម្ពុជា។

ឯកឧត្តមបណ្ឌិត សុខ ទូច បានថ្លែងថា ពិព័រណ៍គំនូរនេះជាឱកាសមួយក្នុងការរួមចំណែកជំរុញការផ្លាស់ប្តូរលើវិស័យវប្បធម៌ អប់រំ សិល្បៈ និងវិស័យផ្សេងៗទៀតថែមទាំងមួយកម្រិតទៀត ស្របនឹងក្នុងឱកាសឆ្នាំនៃការផ្លាស់ប្ដូរប្រ ជាជននិងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤នេះ ។ ឯកឧត្តមបានគូសបញ្ជាក់ថា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីកម្ពុជា-ចិន ការផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន ប្រាកដជានឹងសម្រេចបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀតដែលអាចឆ្លើយតបនឹងកិច្ចសហប្រតិបត្តិការឆកោណត្បូង ពេជ្រដែលបានប្រកាសរួមគ្នាដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរកន្លងមក។

ដោយឡែកលោក ហ៊ូស៊ឺចុង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនខេត្តជាំងស៊ីបានឱ្យដឹងថា សិល្បៈ គំនូរ ចិនមានប្រវត្តិយូរអង្វែង មានអត្ថន័យជ្រាលជ្រៅ និងគុណតម្លៃសិល្បៈពិសេស។ ការតាំងពិព័រណ៍គំនូរនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីភាពទាក់ទាញនៃសិល្បៈគំនូរចិនជូនមិត្តភក្ដិកម្ពុជា។ លោកក៏សង្ឃឹមថានឹងអាចរៀនសូត្រពីគ្នាទៅវិញទៅមកស្វែងយល់ពីចំណេះដឹងសំខាន់ៗរបស់វប្បធម៌កម្ពុជា ដើម្បីជំរុញការរៀន និងរួមបញ្ចូលវប្បធម៌នៃប្រទេសទាំងពីរ សំដៅពង្រឹងការស្វែងយល់ពីគ្នា និងមិត្តភាពនៃប្រជាជនប្រទេសទាំងពីរដើម្បីធ្វើឱ្យការផ្លាស់ប្តូរនៃប្រទេសកម្ពុជា- ចិនឈានដល់ចំណុចខ្ពស់ថ្មី។

ដោយឡែកលោកបណ្ឌិត ឆិន ស៊ាវលីន បានឱ្យដឹងថា ដើម្បីអបអរ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» សាកលវិទ្យាល័យជីវជាំង នឹងយកការតាំងពិព័រណ៍គំនូរកម្ពុជា-ចិន ជាកាលានុវត្ត ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយរាជបណ្ឌិត្យសភាកម្ពុជា រួមគ្នារៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ចម្រុះបន្ថែមទៀត និងជំរុញការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន លើវិស័យវប្បធម៌ អប់រំ និងវិស័យផ្សេងៗទៀតដើម្បីរួមចំណែកលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាងប្រជាជន និងប្រជាជនទាំងពីរ៕ អត្ថបទ៖ ភារម្យ





