យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន មនុស្សយ៉ាងហោចណាស់ ៥ នាក់បានស្លាប់ និង៣៣នាក់បានរងរបួសនៅក្នុងព្យុះកួចដ៏កំណាចមួយកាលពីថ្ងៃសៅរ៍ដែលបានវាយប្រហារទីក្រុង ក្វាងចូវ (Guangzhou) ជាទីក្រុងដែលមានប្រជាជនចំនួន១៩ លាននាក់នៅភាគខាងត្បូងប្រទេសចិន។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ិនហួ (Xinhua) ក្រុមអាជ្ញាធរបាននិយាយថា អគាររោងចក្រចំនួន ១៤១កន្លែង ត្រូវបានខូចខាត ប៉ុន្តែពុំមានលំនៅឋានណាមួយដួលរលំនោះទេ។ ប្រភពខាងលើនេះបាននិយាយថាការវាយតម្លៃបឋមបានដាក់ប្រភេទខ្យល់កួចនេះនៅកម្រិតទី៣ ពោលគឺទាបជាង២កម្រិត ដែលកម្រិតខ្ពស់បំផុតគឺទី៥។
ទីក្រុង ក្វាងចូវ របស់ខេត្ត ក្វាងទុង(Guangdong) មានចម្ងាយប្រហែល១៣០គីឡូម៉ែត្រពីទីក្រុងហុងកុង។
សារព័ត៌មានស៊ីនហួបានរាយការណ៍ថា ស្ថានីយ៍អាកាសធាតុមួយនៅក្នុងភូមិ លៀងធាន(Liangtian) ស្រុក ប៉ៃយ៉ុន (Baiyun) ចម្ងាយប្រហែល ១,៧ម៉ាយល៍ពីទីតាំងខ្យល់ព្យុះ បានកត់ត្រាកម្លាំងខ្យល់បក់អតិបរមា ២០,៦ ម៉ែត្រក្នុងមួយវិនាទី។
គិតត្រឹមម៉ោង ១០ យប់ ម៉ោងក្នុងស្រុក ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះត្រូវបានបញ្ចប់។
ព្យុះនេះ កើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ដែលបានបោកបក់នៅភាគខាងត្បូងប្រទេសចិន បង្កជាទឹកជំនន់ដ៏ធ្ងន់ធ្ងរ និងគំរាមកំហែងដល់អាយុជីវិតមនុស្សរាប់សិបលាននាក់ ខណៈក្រុមអ្នកជួយសង្គ្រោះប្រញាប់ប្រញាល់ជម្លៀសអ្នកស្រុកដែលជាប់ក្នុងទឹកជំនន់។
កាលពីដើមសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ទឹកជំនន់បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៤ នាក់នៅខេត្ត ក្វាងទុង៕

