សមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងបណ្តាក្រុមហ៊ុនសហគ្រាសផលិតគ្រឿងស្រវឹង នឹងរួមគ្នា បង្កើនយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងគាំទ្រចំណាត់ការរាជរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ច ដោះស្រាយបញ្ហាការពិសារគ្រឿងស្រវឹងច្រើនលើសលប់ បង្កបញ្ហាដោយមិនមានការទទួលខុសត្រូវ។

តំណាងក្រុមហ៊ុនឧស្សហកម្មផលិតភេសជ្ជៈមានជាតិសុរា មកពីក្រុមហ៊ុន CAMBREW និងក្រុមហ៊ុនហ៊ែននីគែន ជាដើម បានថ្លែងថា ក្រុមហ៊ុននឹងបង្កើនការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយ និងធ្វើយុទ្ធនាការអប់រំ ពិសារគ្រឿងស្រវឹង ត្រូវមានការទទួលខុសត្រូវ និង ពិសារគ្រឿងស្រវឹង សូមកុំបើកបរ ជាដើមមិនលើកទឹកចិត្តឲ្យអ្នកប្រើប្រាស់នានា ពិសារគ្រឿងស្រវឹងដោយមិនមានការទទួលខុសត្រូវ និងសូមគាំទ្រចំណាត់ការ ការដោះស្រាយរបស់រាជរដ្ឋាភិបាល ចំពោះអ្នកប្រើប្រាស់គ្រឿងស្រវឹងទាំងឡាយណា ដែលពិសាគ្រឿងស្រវឹងច្រើនលើសលប់ ដោយមិនមានការទំនួលខុសត្រូវ ។

លោក តាន់ សែឆាយ ប្រធានសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា WSBIDA បានថ្លែងប្រាប់ BTV ថា បច្ចុប្បន្ន សមាគម បាន និងកំពុងធ្វើការជិតស្និតជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោគ និងក្រសួងស្ថាប័នជំនាញនានា ធ្វើការអប់រំប្រជាពលរដ្ឋ និងបណ្តាអ្នកបើកបរយានយន្តនានា យល់ដឹងអំពីបញ្ហាប៉ះពាល់គ្រឿងស្រវឹង និងបានណែនាំឲ្យបណ្តាក្រុមហ៊ុនសហគ្រាសភេសជ្ជៈមានជាតិសុរាដែលជាសមាជិក WSBIDA ផ្សព្វផ្សាយពាណិជ្ជកម្មភ្ជាប់សារអប់រំដូចជា ពិសាគ្រឿងស្រវឹង កុំបើកបរ និងពិសាសុរាដោយការទទួលខុសត្រូវជាដើម ដើម្បីការពារអាយុជីវិតខ្លួនឯងផង និងអ្នកដទៃផង។

តាមការឲ្យដឹងពីនគរបាលអគ្គស្នងការដ្ឋាននគរបាលជាតិ៖ ក្នុងអំឡុងពិធីបុណ្យចូលឆ្នំាថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆ្នំា២០២៤ ដែលមានភ្ញៀវទេសចរជាតិអន្តរជាតិ ចេញដើរកម្សាន្តប្រមាណជាង២១ម៉ឺននាក់ក្នុងរយៈពេល៤ថ្ងៃ គឺករណីកើតមានគ្រោះថ្នាក់ចរាចរណ៍សរុបមានចំនួន៦៤ករណី បង្កមនុស្សស្លាប់៣៧នាក់ និងរបួស៨៨រូប ហើយករណីចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កដោយ កតា្តមិនផ្តល់សិទ្ធអាទិភាពមាន៤០% កតា្តល្បឿន៣៧% កត្តាស្រវឹងបើកបរ ៧% និងកត្តាបើកបរមិនប្រកាន់ស្តាំ៦%ជាដើម៕ អត្ថបទ ស៊ុម សុខជា