រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា មានប្រសាសន៍ជំរុញឲ្យបណ្តាថ្នាក់ដឹកនាំ មន្ត្រីទូត និងពលរដ្ឋខ្មែរ នៅតាមបណ្តាប្រទេសនានា រួមគ្នាបង្កើនផ្សព្វផ្សាយប្រពៃណី វប្បធម៌ល្អរបស់ខ្មែរ ផលិតផល ម្ហូបអាហារ គោលដៅទេសចរណ៍កម្ពុជា ដើម្បីបង្កើនផ្សព្វផ្សាយកិត្តិនាមកម្ពុជា ជំរុញទេសចរ និងអ្នកវិនិយោគទុនបណ្តាប្រទេសនានានោះ ទិញផលិតផលកម្ពុជា មកទស្សនាកម្សាន្តកម្ពុជា និងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាដើម។

នៅក្នុងពិធីបើកពិព័រណ៌ផ្សារ Bazaar ផ្សព្វផ្សាយផលិតផល និងសេវាកម្ម ម្ហូបអាហារបណ្តាប្រទេសអាស៊ាន និងប្រទេសដៃគូអាស៊ាន នៅស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា ថ្ងៃទី២៧ ខែមេសានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ថ្លែងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆ្នាំ២០២៤ កន្លងទៅថ្មី បណ្តាស្ថានទូតខ្មែរ និងពលរដ្ឋខ្មែរ នៅតាមបណ្តាប្រទេសនានា គឺបានរៀបចំសង្ក្រាន្តអបអរសាទរបុណ្យចូលឆ្នាំ ដែលមានបង្ហាញអត្តសញ្ញាណ ទំនៀមទំលាប់ ប្រពៃណី វប្បធម៌ខ្មែរជាច្រើន ហើយឯកឧត្តម ស្នើឲ្យបណ្តាស្ថានទូត និងពលរដ្ឋខ្មែរនៅក្រៅប្រទេស បង្កើនការរួមសហការគ្នាបន្ថែមទៀត ផ្សព្វផ្សាយ សម្បត្តិវប្បធម៌ខ្មែរ ផលិតផល សេវាកម្ម ទេសចរណ៍ និងម្ហូបអាហារខ្មែរជាដើ ដើម្បីបង្កើនកិត្តិនាមកម្ពុជា និងការប្រើប្រាស់ផលិតផលកម្ពុជា លើឆាកអន្តរជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បន្តថា កន្លងមក ស្ថានទូតកម្ពុជាប្រចាំនៅតាមបណ្តាប្រទេស គឺបានខំប្រឹងធ្វើសកម្មភាពខ្លាំង លើការងារផែ្នកសិល្បៈវប្បធម៌ និងម្ហូបអាហារខ្មែរ ដើម្បីផ្សព្វផ្សាយជាតិ ហើយតាមរយៈការរៀបចំព្រឹត្តិការណ៍កីឡាSEA GAME និងPARA GAME នៅកម្ពុជា ក្នុងឆ្នាំ២០២៣កន្លងមក និងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់អន្តរជាតិ នៅពហុកីឡាដា្ឋនមរតកតេជោ នៅក្នុងអំឡុងខែកក្តដា ឆ្នាំ២០២៤នេះទៀត នឹងជំរុញបង្កើនការផ្សព្វផ្សាយកិត្តិនាមកម្ពុជា និងជំរុញបណ្តាប្រទេសលើពិភពលោក ស្គាល់ពីកម្ពុជា កាន់តែច្រើនថែមទៀត៕ អត្ថបទ ស៊ុម សុខជា





