មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាសម្រាប់ថ្ងៃទី២ នៅទូទាំងទីក្រុងជាច្រើនរបស់ប្រទេសអូស្ត្រាលីកាលពីថ្ងៃអាទិត្យ ទី២៨ មេសា ដោយជំរុញឱ្យពង្រឹងច្បាប់កាន់តែតឹងរ៉ឹងលើអំពើហិង្សាយេនឌ័រ ខណៈលោកនាយករដ្ឋមន្រ្តី Anthony Albanese ប្រកាសថាទង្វើនេះគឺជា វិបត្តិជាតិ នៅឯការជួបជុំមួយក្នុងទីក្រុងកង់បេរ៉ា (Canberra)។
ការប្រមូលផ្តុំនេះត្រូវបានរុញដោយរលកនៃអំពើហិង្សាលើស្ត្រីដែលរដ្ឋាភិបាលនិយាយថាបានឃើញស្ត្រីម្នាក់ត្រូវបានសម្លាប់រៀងរាល់បួនថ្ងៃម្តងនៅក្នុងប្រទេសអូស្ត្រាលីក្នុងឆ្នាំនេះ។ ការប្រមូលផ្តុំគ្នាក៏បានធ្វើឡើងផងដែរ បន្ទាប់ពីមានការបាញ់ប្រហារដ៏ធំនៅទីក្រុងស៊ីដនីក្នុងខែនេះ ដែលបានសម្លាប់មនុស្សចំនួន ៦ នាក់ក្នុងនោះមានស្ត្រី ៥ នាក់ ។
នៅទីក្រុងមេលប៊ន(Melbourne) មនុស្សរាប់ពាន់នាក់បានចេញតវ៉ាតាមដងផ្លូវនានានា និងទីលានសហព័ន្ធកាលពីថ្ងៃអាទិត្យ ដោយស្រែក និងកាន់ស្លាកសញ្ញា និងបដា។
លោក Albanese បាននិយាយនៅឯការប្រមូលផ្តុំគ្នានៅទីក្រុងកង់បេរ៉ាថា នេះមិនមែនគ្រាន់តែជាបញ្ហារបស់រដ្ឋាភិបាលប៉ុណ្ណោះទេ តែក៏ជាបញ្ហានៃសង្គមរបស់យើងទាំងមូលផងដែរ។
អំពើហិង្សាទាក់ទងយេនឌ័រ គឺជាបញ្ហានៅតែបន្តកើតឡើងក្នុងប្រទេសអូស្ត្រាលី ដែលមានប្រជាជនជាង ២៦លាននាក់។កាលពីឆ្នាំ២០២១កន្លងទៅ មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាជុំវិញការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ និងការប្រព្រឹត្តខុសនៅក្នុងការិយាល័យនយោបាយខ្ពស់បំផុតមួយចំនួនរបស់ប្រទេសនេះ៕

