ការតវ៉ាគាំទ្រពលរដ្ឋប៉ាឡេស្ទីននៅក្នុងដែនដីហ្កាហ្សា ដែលបានរីករាលដាលនៅតាមបរិវេណសាកលវិទ្យាល័យនានាទូទាំងសហរដ្ឋអាមេរិក បានចូលទៅដល់ចក្រភពអង់គ្លេស និងបារាំង ដោយបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន និងទាមទារឱ្យមានចំណាត់ការជុំវិញការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា។
និស្សិតរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅសាកលវិទ្យាល័យ University College London (UCL) កាលពីចុងសប្ដាហ៍នេះអមដោយបដាសរសេរថា ភាពស្មុគស្មាញក្នុងអំពើប្រល័យពូជសាសន៍ និងទាមទារឱ្យបញ្ឈប់សកម្មភាពកាប់សម្លាប់ជនស្លូតត្រង់ក្នុងដែនដីនេះ។
ខណៈស្រែកថា គ្មានលុយជួយអ៊ីស្រាអែលប្រព្រឹត្តឧក្រិដ្ឋកម្មទៀតទេ ក្រុមនិស្សិតទីក្រុងឡុងដ៍្រ ដែលកំពុងកាន់ទង់ជាតិប៉ាឡេស្ទីន និយាយាថា នេះជាពេលវេលារបស់យើងជួយពលរដ្ឋប៉ាឡេស្ទីន បន្ទាប់ពីការតវ៉ាដ៏រំជើបរំជួលទាំងនេះបានរាលដាលចេញពីសាកលវិទ្យាល័យទូទាំងសហរដ្ឋអាមេរិកហៀរដល់ប្រទេសបារាំង។ និស្សិតវ័យ១៩ឆ្នាំម្នាក់មកពីសាកលវិទ្យាល័យ UCLនៅអង់គ្លេស បានប្រាប់សារព័ត៌មានThe National ថា មានការគាំទ្រកាន់តែច្រើន ដូច្នេះយើងពិតជារំភើបចំពោះរបៀបដែលចលនានេះរីកចម្រើន។
ក្រុមនិស្សិតទាំងនោះ បានទាមទារឱ្យឲ្យមានការថ្កោលទោសចំពោះសកម្មភាពរបស់អ៊ីស្រាអែល នៅក្នុងការតវ៉ាមួយដែលបានជំរុញឱ្យមានបាតុកម្មស្រដៀងគ្នានៅតាមសាកលវិទ្យាល័យនានាទូទាំង សហរដ្ឋអាមេរិក។
និស្សិតម្នាក់មកពីសាកលវិទ្យាល័យ Sciences Po ក្នុងប្រទេសបារាំង បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reutersថា នៅពេលយើងឃើញអ្វីដែលកំពុងកើតឡើងនៅក្នុងសហរដ្ឋអាមេរិក ហើយឥឡូវនេះនៅក្នុងប្រទេសអូស្ត្រាលី យើងពិតជាសង្ឃឹមថាការតវ៉ានឹងផ្ទុះឡើងកាន់តែខ្លាំង នៅក្នុងប្រទេសបារាំង ៕


