ក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី ២៨ ខែមែសា ឆ្នាំ២០២៤នេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ព្រែកជីកហ្វូណន-តេជោនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា ក្នុងការមានដង្ហើមរស់ដោយខ្លួនឯងឈប់ខ្ចីដង្ហើមគេដកបន្តទៀត។
សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនមែនជាប្រយោជន៍របស់ត្រកូល «ហ៊ុន» នោះទេ គឺជាប្រយោជន៍របស់ខ្មែរទាំងមូល។ សម្តេចបានថ្លែងថា សម្តេចនឹងបន្តបេសកកម្មរបស់សម្តេចតេជោ ធ្វើឱ្យព្រែកជីកហ្វូណន-តេជោ ចេញជារូបរាង។ សម្តេច ការធ្វើព្រែកជីកហ្វូណនតេជោ គឺជាការទទួលខុសត្រូវជាប្រវត្តិសាស្ត្រសម្រាប់ការដឹកនាំ ដូច្នេះមានការសិក្សាច្បាស់លាស់ណាស់ពីផលប៉ះពាល់។ ហើយតាមច្បាប់ការជីកព្រែកហ្វូណន-តេជោ មិនតម្រូវឱ្យកម្ពុជាសុំច្បាប់ប្រទេសណានោះឡើយ គឺគ្រាន់តែជូនព័ត៌មានទៅគណៈកម្មការទន្លេមេគង្គប៉ុណ្ណោះ។
ក្នុងឱកាសនើ សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា ប្រទេសច្រើនធ្វើព្រែក ធ្វើវារីអគ្គិសនីជាច្រើន មិនខ្វល់ មកចាប់អារម្មណ៍អ្វីម្ល៉េះមកនឹងកម្ពុជា។ ដូច្នេះគ្មានអ្វីមករារាំងគម្រោងព្រែកជីកហ្វូណន-តេជោ នោះឡើយ។ សម្តេចបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ បានសិក្សាយ៉ាងលម្អិតរយៈពេលប្រមាណ ២៦ខែ ដូច្នេះសម្ដេចបានផ្តាំទៅជនក្បត់ជាតិបីជំនាន់នៅក្រៅប្រទេស សូមតម្កល់ប្រយោជន៍សម្រាប់ជាតិ កុំប្រឆាំង ដើម្បីតែប្រឆាំង៕
