សិស្សសាលារាប់លាននាក់បានត្រឡប់ទៅសាលារៀន បន្ទាប់ពីបើកដំណើរការឡើងវិញនៅទូទាំងប្រទេសបង់ក្លាដែស កាលពីថ្ងៃអាទិត្យ ទោះបីជារលកកម្ដៅខ្លាំងនៅតែបន្តអូសបន្លាយ ដែលជំរុញឱ្យមានបញ្ជាបិទថ្នាក់រៀនទូទាំងប្រទេសកាលពីចុងសប្តាហ៍មុនយ៉ាងណាក្ដី។

សីតុណ្ហភាពអតិបរិមាជាមធ្យមក្នុងរដ្ឋធានី ដាកា (Dhaka) កាលពីសប្តាហ៍មុនគឺ ៤៤ទៅ៤៥ អង្សាសេ ខ្ពស់ជាងកម្រិតមធ្យមជាង៣០ឆ្នាំសម្រាប់រយៈពេលដូចគ្នានេះ ខណៈមានការព្យាករណ៍ថាអាកាសធាតុក្តៅនឹងបន្តកើតមានជាច្រើនថ្ងៃទៀត។
ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ បានរកឃើញថាបម្រែបម្រួលអាកាសធាតុកំពុងបណ្តាលឱ្យមានរលកកម្ដៅកាន់តែយូរ កាន់តែញឹកញាប់ និងកាន់តែខ្លាំង។

ថ្នាក់រៀនបានបន្ត ទន្ទឹមនឹងអាណាព្យាបាលព្រួយបារម្ភពីសុខភាពកូនចៅរបស់ពួកគេ ក្នុងពេលទៅសាលារៀន បន្ទាប់ពីការបើកថ្នាក់រៀនឡើងវិញនៅក្នុងប្រទេសបង់ក្លាដែស។
អង្គការជួយសង្រ្គោះកុមារ (Save the Children) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅសប្តាហ៍នេះថា សិស្សប្រហែល ៣២ លាននាក់ ត្រូវបានតម្រូវឲ្យស្នាក់នៅផ្ទះ ដោយសារការបិទសាលា។
សេចក្តីណែនាំពីអាជ្ញាធរអប់រំដែលប្រកាសបើកថ្នាក់រៀនឡើងវិញបាននិយាយថា សាលាមត្តេយ្យនឹងនៅតែបិទ ខណៈកាត់បន្ថយម៉ោងសិក្សានៅថ្នាក់បឋមសិក្សា។
ការិយាល័យអាកាសធាតុរបស់ប្រទេសបង់ក្លាដែសបាននិយាយកាលពីថ្ងៃអាទិត្យថារលកកម្ដៅនឹងបន្តហក់ឡើងខ្ពស់យ៉ាងហោចណាស់បីថ្ងៃបន្ទាប់ទៀត៕
